ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលបញ្ជាក់ថា, ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១​ មានករណីស្លាប់ជនជាតិកូរ៉េម្នាក់អាយុ​ ៤៨ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់បុរសជនជាតិ កូរ៉េ អាយុ ៤៨ ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា, បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ដែលរស់នៅ BELLA VITA APARTEMENT St. 51 បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

បុរសខាងលើ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ប្រហែលម៉ោង ១១:៣០នាទី។ នៅថ្ងៃដដែលនេះ ដោយលទ្ធផលនៃការវិភាគវត្ថុសំណាករបស់គាត់ ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ-១៩ អ្នកជំងឺ ត្រូវបាន បញ្ជូនពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល វេលាម៉ោង ២១:១៥នាទី យប់។ ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូងមកហើយនោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ -១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖