ខេត្តកំពង់ចាម ៖ នាវាចម្បាំងដឹកគ្រឿងសព្វាវុធសម័យរបបសាធារណរដ្ឋ លន់ នល់ (១៩៧០-១៩៧៥) ដែលបានលិចបាត់ទៅក្នុងបាតទន្លេមេគង្គ ក្នុងភូមិសាស្រ្ត ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយដែលនាវានោះមានប្រវែង៤០ម៉ែត្រ ទទឹង ៤.៥០ម៉ែត្រ និងជម្រៅ៤.៥០ម៉ែត្រ ដែលមានផ្ទុកគ្រាប់យុទ្ធភណ្ឌជាង១៦តោន សម្ភារសឹក និងបន្សល់នូវឆ្អឹងធាតុរបស់សពទាហានជើងទឹកជាច្រើននោះត្រូវបានស្រង់ឡើងនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ។
ក្នុងកិច្ចប្រតិបត្តិការរុករកនិង បោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុង នាវាចម្បាំងមួយនេះ កងកម្លាំងជំនាញ ក៏បានប្រទះឃើញនាឡិកាដៃម៉ាក TITONI ចំនួន២គ្រឿងដែលជាប្រភេទ នាឡិកាមិនប្រើថ្ម និងលិចទឹកអស់រយៈ ពេលជាង៤៦ឆ្នាំទៅហើយ ប៉ុន្តែនៅរក្សាបានរូបរាង ខ្សែគ្មានច្រែះចាប់ហើយម៉ាស៊ីនអាចដំណើរការបានធម្មតា បន្ទាប់ពីយកមកដុសលាងសម្អាត ហើយគោះចុះគោះឡើងទៅវាក៏ដើរឡើងវិញធម្មតា។
សូមបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវជាមួយ Google ក្រុមហ៊ុននាទ្បិកាដៃនោះបង្កើតទ្បើងនៅឆ្នាំ1919 ស្ថាបនិកដំបូងមានឈ្មោះថាលោក Fritz Schluep នៅទីក្រុង Grenchen ប្រទេសស្វីុស។ សព្វថ្ងៃមានបុគ្គលិកបម្រើការតែចំនួន៦០នាក់ ដែលជាគ្រួសារជំនាន់ទី៣ របស់ក្រុមហ៊ុនTitoni Ltd. នេះ។
តាមការគូសបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា ប្រតិបត្តិការស្រង់នាវាចម្បាំងមួយនេះ មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អមិនទាន់ផ្ទុះ នឹងត្រូវដោះបន្សាប ដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ។ ដោយឡែកសល់បំណែកគ្រាប់១០%ទៀត ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកម្ទេចចោល។ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្ថែមទៀតថា ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំងជំនាញបានខិតខំប្រឹងប្រែងក្នុងស្ថានភាពស្មុគស្មាញ និងប្រឈមគ្រោះថ្នាក់បំផុត ព្រោះមិនដូចនៅលេីគោក ៕
ដោយ៖ វណ្ណៈ