ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តពាក់ស្លាកលេខ នគរបាលបើកបញ្ច្រាសគ្នាបុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូដែលទំនងជាជិះបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តពាក់ស្លាកលេខ នគរបាលបើកបញ្ច្រាសគ្នាបុកពេញទំហឹងបណ្ដាលឱ្យម៉ូតូនិងមនុស្សខ្ទាតធ្លាក់ផ្លូវកាលពីវេលាម៉ោងជាង៣រសៀល
ថ្ងៃទី១០ខែមេសាឆ្នាំ២០២១ស្ថិតនៅលើផ្លូវជាតិលេខ១ក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។

យោងតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះជា ចាន់មុន្នីអាយុប្រមាណ៣០ឆ្នាំ រស់នៅក្នុងឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀងបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១J-៥០៥២ក្នុងទិសដៅពីលិចទៅកើតហើយទំនងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ស ពាក់ស្លាកលេខ នគរបាល២-១៤៦៣ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាបុកពេញទំហឹងបណ្ដាលឱ្យម៉ូតូនិងមនុស្សខ្ទាតធ្លាក់ផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។

ប្រភពបន្តថា ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តខូចខាតធ្ងន់នៅកន្លែងកើតហេតុប៉ុណ្ណោះ។
សពនិងរថយន្តព្រមទាំងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងនិងប្រគល់ក្រុមគ្រួសារសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងម៉ូតូអូសយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីដោះស្រាយបន្ត តាមច្បាប់៕

ដោយ៖  យឹម សុថាន


ចែករំលែក៖