ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ នេត សាវឿន ៖ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នឹងត្រូវដកស័ក្តិ និងបណ្តេញចេញពីក្នុងជួរនគរបាល និងបញ្ជូនទៅតុលាការតាមច្បាប់ដោយគ្មានលើកលែង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា, លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវដកស័ក្តិ និងបណ្តេញចេញពីក្នុងជួរនគរបាល និងបញ្ជូនទៅតុលាការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅជាមួយអ្នកជួលបន្ទប់ របស់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ក៏បានរៀបចំស្នើព្រះមហាក្សត្រដកស័ក្តិលោកផ្កាយ២ ផឹកសុី ក្នុងស្ថានភាពប្រទេសជាតិកំពុងរឹតបន្តឹងបម្រាមគោចរ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី១៦ ខែមេសា នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ មានដូចជា :
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ឋានន្តរស័ក្តិ : ឧត្តមសេនីយ៍ទោ , ឋាន: អនុប្រធានសេនាធិការ
នៃអគ្គស្នងដ្ឋានការនគរបាលជាតិ នៅផ្ទះលេខ ៥៨ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី ៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់លោកលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ផឹកស៊ី រាំច្រៀង លេងប៉ាតម្ស៉ៅ​ នៅក្នុងទីតាំងរបស់ខ្លួន។ បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត។
សូមបញ្ជាក់ថា, ម៉ោងនេះហើយ មិនអាចបណ្តែតបណ្តោយយ៉ាងនេះទៀតឡើយ បើជាកងកម្លាំង ត្រូវបកស័ក្តិ បណ្តេញចេញពីក្របខណ្ឌ និងគុក!

សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង បំពានសេចក្តីសម្រេចរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោស៕

ដោយ ៖ សិលា


ចែករំលែក៖