ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុករមាសហែកដឹកនាំក្រុមការងារសហការជាមួយអង្គភាពសុខាភិបាលស្រុកប្រតិបត្តិ ចូលរួមផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែក បានដឹកនាំក្រុមការងារសហការជាមួយអង្គភាពសុខាភិបាលស្រុកប្រតិបត្តិ កងកម្លាំងសមត្ថកិច្ចបងប្អូនស ស យ ក និងការិយាល័យជំនាញទាំង១៣ចូលរួមផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដោយបានធ្វើការអប់រំ ណែនាំអំពីការលាងដៃជាមួយអាល់កុល ការប្រើម៉ាស់ ហើយបានចែកម៉ាស់ជូនបងប្អូនធ្វើដំណើរតាមផ្លូវ  និងណែនាំនូវវិធានការពិន័យអ្នកអត់ពាក់ម៉ាស់ ។

ការចុះផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះធ្វើឡើងកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ស្ថិតនៅទីតាំងមុខសាលាស្រុក ក្នុងឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែកខេត្តស្វាយរៀងបានឱ្យដឹងថា ការចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនាពេលនេះគឺក្នុងគោលបំណងចូលរួមផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះដែរ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាល់កុលលាងដៃ ចែកម៉ាស់ ផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩  របៀបលាងសម្អាតដៃជាមួយសាប៊ូ  និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩  ព្រមទាំងបានផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ។

លោកវេជ្ជបណ្ឌិត ភាវ សុសត្តា បន្តថា
ការផ្សព្វផ្សាយជាពិសេសនោះ គឺផ្សព្វផ្សាយឱ្យអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” និងសារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ឬជែល ។
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖