ភ្នំពេញ ៖ សម្រេចចិត្តទាំងបង្ខំ ចេញទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុងមួយរយៈ។ ការបិទនេះដោយពិនិត្យឃេីញវិជ្ជមានកូវីដ-១៩ ចំពោះអាជីវករនៅទីតាំងខាងលេី។ ឆ្លៀតឱកាសនេះសូមអំពាវនាវដល់បងប្អូនអាជីវកនៅផ្សារពោធិ៍ចិនតុង សូមមកយកសំណាកនៅព្រឹកស្អែកនៅទីតាំងសាលាបឋមសិក្សាសុភមង្គល ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាក ក៏សូមអញ្ជេីញមកយកសំណាកនៅទីតាំងនេះដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេស អាជីវករទាំងអស់ឲ្យបានជ្រាបថា៖ អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១- ដែលស្ថានភាព នេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរ ឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
ចំពោះមុខ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារពោធិ៍ចិនតុងក្នុងសង្កាត់ កាកាបទី១ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។
ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបមើ ការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូលផ្សារខាងលើនៅ ថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យ ថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ នៅផ្សារពោធិ៍ចិនតុង ព្រមទាំងត្រូវ អនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេស អាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុង ផ្សារសេនជូរី មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូន ដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សុខ ខេមរា