ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ របស់ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស( គ. វ.ក-១៩)

ចែករំលែក៖

ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅ នៃខេត្តកណ្តាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមអនុវត្តតាមវិធានការបិទខ្ទប់ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រាជរដ្ឋាភិបាល សំដៅទប់ស្កាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រម ទាំងធានាបាននូវការបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ ជូនដល់បុគ្គលដែលត្រូវដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ គ.វ.ក-១៩ សូមជូនដំណឹង និងណែនាំ ដូចខាងក្រោម៖
ក. អំពីការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម៖
១. ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ (ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម) នៅរាជធានីភ្នំពេញ ៖
១.១. កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ នៅរាជធានីភ្នំពេញ ៖ ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ (ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ តាមតារាងបែងចែកក្នុងឧបសម្ព័ន្ធទី១។
១.២. ទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ ៖
ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ និងបុគ្គលដ៏ទៃទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិ ក្រសួងស្ថាប័ននានា ក្រុមហ៊ុន និងទីតាំងមួយចំនួនទៀតកន្លងទៅនេះ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩. ដួសទី២ នៅតាមទីតាំងដែលមានក្នុង ខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឱ្យឆ្លងខណ្ឌនោះទេ ដែលទីតាំងទាំងនោះ មានបង្ហាញជូនដូចមានកំណត់ នៅក្នុងតារាងឧបសម្ព័ន្ធទី២។
ចំពោះបុគ្គល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១រួចហើយនៅតាមខណ្ឌទាំង១៤ ដែលរៀបចំដោយរដ្ឋបាល រាជធានីភ្នំពេញ នឹងត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ ទៅតាមថ្ងៃ-ខែ-ឆ្នាំដូចដែលបានជម្រាបជូនសាមី ខ្លួនផ្ទាល់នៅថ្ងៃដែលចាក់ដូសលើកទី១នោះ ទៅតាមទីតាំងដូចមានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធទី២ នៅតាម ខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឱ្យឆ្លងខណ្ឌជាដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖