ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណេរទាំងរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លើ facebook ផ្លូវការ បង្ហាញពីសម័យតេជោ ខុសពីសម័យរបបខ្មែរក្រហម ខណ:កាល:ទេស:លើសកលលោកបច្ចុប្បន្ន និងកម្ពុជា ជួបគ្រោះដ៏សាហាវជំងឺកូវីដ-១៩ ក្នុងគ្រាលំបាក មានសប្បុរសជនច្រើនណាស់ចូលរួមជាមួយរាជរដ្ឋាភិបាល ខុសពីសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានតែកេណ្ឌមនុស្សទៅសម្លាប់ ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា, ឃើញក្នុងស្ថានភាពតឹងតែងបែបនេះនៅកម្ពុជាមានសប្បុរសជនជាច្រើនចំណាយពេលវេលា ទ្រព្យធន មធ្យោបាយជួយដល់អ្នកឯទៀត ធ្វើអោយខ្ញុំនឹកឃើញចិត្តថ្លើមជួយគ្នាក្រោយ ៧៩ ។ សង្គ្រាមរំដោះបានចាប់ផ្តើមចំសម័យច្រូតកាត់របស់សហករណ៍ទូទាំងប្រទេសដែលធ្វើអោយការប្រមូលផលត្រូវរអាក់រអួល ហើយ នៅពេលដែលប៉ុលពតរលំភ្លាម ម្នាក់ៗវេចបង្វិចរត់ទៅស្រុកកំណើតខ្លួនវិញ ពោលគឺមានចលនាមនុស្សដើរពេញទាំងប្រទេស តែចលនាច្រូតកាត់ស្ទើរតែគ្មាន បើមានគឺមានតែបងប្អូនអ្នកមូលដ្ឋានដែលនៅនឹងកន្លែងតែប៉ុណ្ណោះ ។ ពេលចេញពីឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខ្ញុំមានអង្ករប្រហែល ៥ គីឡូតែប៉ុណ្ណោះ ។ យើងដាំបាយសន្សំសំចៃ ហើយដេកតាមផ្លូវរទេះផ្ទាល់ដី ។ តែនៅពេលដែលយើងឈប់សម្រាកនៅក្នុងភូមិ យើងតែងជួបប្រជាជនដែលរស់នៅទីនោះ ផ្តល់បាយទឹកខ្លះ ត្រីសាច់ខ្លះ (ខ្ញុំដើរតាមបណ្តោយខាងលិចទន្លេមេគង្គរហូតដើម្បីចៀសកង្វះទឹក) ទោះបីជាគាត់ខ្វះមុខខ្វះក្រោយក៏ដោយ ។ នេះបង្ហាញថា ប្រជាជនយើងទោះជាយ៉ាងណាក្តី មានសន្តានចិត្តល្អ និង មានសប្បុរសធម៌ជានិច្ច ។ សូមចិត្តថ្លើមនេះ ក្លាយជាលក្ខណៈសម្គាល់របស់ប្រជាជាតិយើងទៅថ្ងៃមុខ ។
សូមជម្រាបថា, សម័យតេជោសែន គឺសែនគិតគ្រប់មធ្យោបាយសង្គ្រោះប្រជាពលរដ្ឋ ហើយលោកនៅជាប់ជាមួយជនរួមជាតិ ទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខរបស់សម្តេច៕
ដោយ៖ សុខ ខេមរា