អ្នកនាំពាក្យកម្លាំងទាហានប្រទេស Chad នៅថ្ងៃទី ២០ខែមេសា បានឱ្យដឹងថា ប្រធានាធិបតី Idriss Deby បានស្លាប់ពេលបំពេញទស្សនកិច្ចទៅកាន់កម្លាំងទាហានជួរមុខក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមឧទ្ទាម នៅភាគខាងជើងប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកនាំពាក្យកម្លាំងទាហានChad លោក Azem Bermendao Agouna បានប្រកាសពីការស្លាប់របស់ប្រធានាធិបតី Deby តាមកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ ។ លោកបន្តទៀតថា «យើងបានអំពាវនាវឲ្យមានការពិភាក្សានិងបង្កើតសន្តិភាពជាមួយពលរដ្ឋគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ដើម្បីកសាងប្រទេសជាតិ»។ ជាមួយគ្នានេះគណៈកម្មការផ្លាស់ប្តូរអំណាចជាតិ បានស្នើដល់ពលរដ្ឋថា រាល់វិធានការនឹងត្រូវបានអនុវត្តដើម្បីធានាសុវត្ថិភាពសន្តិភាពជូនពលរដ្ឋ ។
ប្រធានាធិបតី Deby អាយុ៦៨ឆ្នាំ បានស្លាប់ក្រោយមួយថ្ងៃប្រកាសទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតី ។ លោកបានឡើងកាន់អំណាចដឹកនាំប្រទេសនៅឆ្នាំ១៩៩០ ដែលជាមេដឹកនាំកាន់អំណាចយូរបំផុតនៅក្នុងទ្វីបអាហ្វ្រិក។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រធានាធិបតី Deby នៅថ្ងៃទី២០ខែមេសា បានប្រកាសថា ប្រធានាធិបតីបានបំពេញទស្សនកិច្ចទៅកាន់ជួរមុខនៃសមរភូមិភាគខាងជើង រដ្ឋធានី N’Djamena ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យប្រធានាធិបតីស្លាប់នោះឡើយ ។
សារព័ត៌មាន BBC បានផ្សាយថា ភា្លមៗនោះ រដ្ឋាភិបាល និងរដ្ឋសភាត្រូវបានរំលាយចោល ហើយគណៈកម្មការយោធាបានឡើងកាន់អំណាចបណ្តោះអាសន្នក្នុងរយៈពេល១៨ខែដើម្បីរៀបចំការបោះឆ្នោតជាថ្មី។ សកម្មភាពទាំងនោះបង្កឲ្យមានការសង្ស័យថាជាការធ្វើរដ្ឋប្រហារសម្លាប់ប្រធានាធិបតី ៕ ដោយ៖ធីរីណា
រូបភាព៖Reuters
រូបភាព៖ TTXVN