ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យសំណង់អគារវេទិការសាលាសំណាក់ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ នៅតំបន់X-១៦

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តបានអោយដឹងថា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការសាលាសំណាក់ ព្រមទាំងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំទីនេះ ជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន។

មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។

តំបន់កោះថ្ម ចំណុចអាងដាច់ X16 ជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។

សូមជម្រាបដែរថា ជាមួយនឹងការរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន នៅតំបន់X-១៦ ឃុំកោះថ្មនេះ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីទស្សនកិច្ចសិក្សាដែលមានឈ្មោះថា «គុណធម៍ប្រវត្តិសាស្ត្រ» ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។

បើតាមលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ កម្មវិធី«គុណធម៍ប្រវត្តិសាស្ត្រ»នេះ ធ្វើឡើងដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនទាំងអស់ ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ ជាគុណតម្លៃនៃសន្តិភាព ចារជាប់ជាប្រវត្តិសាស្ត្រ ក្នុងបេះដូងកូនខ្មែរគ្រប់រូប គ្រប់ៗជំនាន់៕

ដោយ ៖ សិលា


ចែករំលែក៖