ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខេត្តមណ្ឌលគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាករណីដំបូង កើតលើស្ដ្រីម្នាក់អាយុ៥១ឆ្នាំ នៅក្រុងសែនមនោរម្យ

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា អាជ្ញាធរ​ខេត្ត​បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ជាលើកដំបូង ដែលកើតលើស្ដ្រីម្នាក់ឈ្មោះ គិន សម្ព័ស អាយុ៥១ឆ្នាំ រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

នៅក្នុងសេចក្តីជូនដំណឹងខាងលេីនេះ​ បានឲ្យដឹងថា​ តាមការបញ្ជាក់របស់ឈ្មោះ គិន សម្ព័ស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់គាត់បានធ្វើដំណើរជូនស្វាមីឈ្មោះ គឹម សារ៉េត ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) នៅភ្នំពេញ មានអ្នករួមដំណើរជាមួយចំនួន០៥នាក់ រួម​មាន៖

ទី១៖ ឈ្មោះ ជ័យ ស៊ីនាថ ភេទប្រុស មុខរបរបុគ្គលិកមន្ទីរពេទ្យខេត្ត ។

ទី២៖ ឈ្មោះ អ៊ិន សុភាព ភេទស្រី ត្រូវជាកូនប្រសារ​ ។

ទី៣៖ ឈ្មោះ គឹម សារ៉េត ភេទប្រុស អ្នកជំងឺ​ ។

ទី៤៖ ឈ្មោះ លាង ណាត ភេទប្រុស ត្រូវជាក្មួយ​ ។

ទី៥៖ ឈ្មោះ ឈួន ថានី ភេទប្រុស ម្ចាស់រថយន្ត។

នៅក្នុងសេចក្ដីជូនដំណឹងដដែល​ បន្តថា​ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ម៉ោង០៣៖០០ រសៀល ត្រូវបានមន្ទីរពេទ្យព្រះកុសមៈ បញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះ ឈ្មោះពហុព្យាបាលមានជ័យ លេខទូរស័ព្ទ ០១០ ៦០ ៦០ ៨៩ និង០៦៨ ២២ ២២ ៦៩ មកកាន់ខេត្តមណ្ឌលគិរីវិញ។​ លុះនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យខេត្តមណ្ឌលគិរី បានចុះដល់ផ្ទះយកវត្ថុសំណាក់មនុស្សចំនួន០២នាក់ គឺទី១៖ ឈ្មោះ គិន សម្ព័ស និងទី២៖ ឈ្មោះ អ៊ិន សុភាព ទៅពិនិត្យ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលបញ្ជាក់ ដោយមន្ទីរពេទ្យព្រះកេតុមាលា ឈ្មោះ គិន សម្ព័ស ភេទស្រី អាយុ៥១ឆ្នាំ វិជ្ជមានកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកវត្ថុសំណាកទៅពិនិត្យ ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ដោយឡែក​ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកំដៅ លើសពី ៣៧.៥អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក និងពិបាកដកដង្ហើម សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ៕ដោយ​ ៖ សហការី​


ចែករំលែក៖