ភ្នំពេញ៖ បេីយោងតាមលិខិតរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលផ្តល់ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំលុងពេលបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការអន្តរាគមន៍អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
នៅក្នុងលិខិតថ្លែងអំណរគុណខាងលេីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំ នួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលផ្តល់ជូននាពេលកន្លងមក ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំលុងពេលបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការអន្តរាគមន៍អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ការជួយឧបត្ថម្ភគាំទ្រខាងលើ គឺជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការចាំបាច់ និងបានឆ្លុះបញ្ចាំងឱ្យអំពីការយកចិត្តទុកដាក់ប្រកបដោយសន្តានចិត្តអាណិតស្រឡាញ់របស់សម្តេច ដែលតែងតែគិតគូរដល់សុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ។
គួរបញ្ជាក់ថា នៅក្នុងសារលិខិតថ្លែងអំណរគុណនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានចាត់ទុកការឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង ជូនដល់នគរបាលជាតិ គឺជាកាយវិការដ៏ឧត្តុង្គឧត្តម បានក្លាយជាប្រភពទឹកចិត្ត និងជាថាមពលជំរុញឱ្យស្មារតីរបស់កងកម្លាំងនគរបាលជាតិ កាន់តែមុតស្រួចក្នុងការបំពេញកាតព្វកិច្ច ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសបេសកកម្មអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
សូមអានព័ត៍មានលម្អិតនៅក្នុងសារលិខិតថ្លែងអំណរគុណរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅខាងក្រោមនេះ៖
ដោយ៖សហការី