ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានលម្អិត! នគរបាលខេត្តស្វាយរៀងបញ្ជូនមន្ត្រីយោធាផ្កាយពីរនិងបក្សពួក៦ នាក់ទៀតទៅតុលាការខេត្តពីបទជួញដូរមនុស្សដោយខុសច្បាប់ពីក្រុងបាវិតឆ្ពោះទៅរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២១នេះថា មន្ត្រីយោធាផ្កាយពីរនិងបក្សពួក៦នាក់ទៀត នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តពីបទជួញដូរមនុស្សដោយខុសច្បាប់ពីក្រុងបាវិតឆ្ពោះទៅរាជធានីភ្នំពេញ។

   សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានបន្តថា ក្រុមបក្សពួកជនសង្ស័យ៦ នាក់ទៀតបានឆ្លើយប្រាប់សមត្ថកិច្ចថាពួកគេបានដឹកក្រុមមនុស្សជនជាតិចិនទាំងនោះសម្រាប់បន្តទៅរាជធានីភ្នំពេញ និងពីភ្នំពេញមកក្រុងបាវិតចំនួន៣ដងរួចមកហើយ។ ចំណែកឯជនជាតិចិនចំនួន២៨នាក់នោះ សមត្ថកិច្ចធ្វើការហ៊ុមព័ទ្ធដាក់ឲ្យធ្វើចត្តាឡីស័កនៅក្រុងបាវិត និងបានដកហូត​រថយន្តចំនួន៤គ្រឿងមាន ១-រថយន្តម៉ាក LEXUS 570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-8896ដែលជារបស់ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ មានមុខងារជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធា នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ។

ទី២- រថយន្តម៉ាកតូយ៉ូតា ហាយប្រ៊ីដ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-4801។

ទី៣-រថយន្តហាមមើរសារ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-9170 ។

ទី៤-រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2BK-0821។

  សូមរំលឹកឡើងវិញថា លោកឧត្តមសេនីយ៍យោធាផ្កាយ២ ស៊ុំ ពៅ បានប្រើប្រាស់​រថយន្តទំនើប​៤គ្រឿង មានទាំងស្លាកលេខខេមរភូមិន្ទ១គ្រឿងផង និងកូនទាហាន៦នាក់ ដឹកចិន២៨នាក់ពីក្រុង​បាវិតទៅរាជធានី​​ភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយ បាន​បំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទ​ខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញ ទៅខេត្ត​ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ​កូវីដ-១៩។

  ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣​និង០០នាទីទៀបភ្លឺថ្ងៃទី២២ខែមេសាឆ្នាំ២០២១ នៅខាង​មុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រភព​បន្ត​ថា មុនពេលកើតហេតុ សមត្ថកិច្ចបានដើរល្បាតហើយបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខ​សណ្ឋាគារ TTP1 ក្រុងបាវិត កំពុងនាំជនជាតិចិនចូលក្នុងរថយន្ត។ ដោយមានការសង្ស័យសមត្ថកិច្ច​ក៏ឃាត់សាកសួរ ទើបបែកធ្លាយរឿងរត់ពន្ធដឹកជនជាតិចិនទៅរាជធានីភ្នំពេញក៏ចាប់ឃាត់ខ្លួនតែម្តង។

  ក្រោយពីសាកសួររួច ជនជាតិចិនទាំង ២៨នាក់ត្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារខាងលើជាបណ្តោះអាសន្នសិន រង់ចាំយកសំណាកទៅពិនិត្យ ហើយបន្ទាប់ពីចេញលទ្ធផលទើបរកទីតាំងដាក់ធ្វើចត្តាឡីស័កជាក្រោយ​។

ប្រភពបន្តទៀតថា ជនជាមេខ្លោង ឈ្មោះ ស៊ុំ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធានក្រុមការងារ​ស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ។

ទី២-ឈ្មោះ ស៊ូ សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន ពីស្រុកស្វាយជ្រំ ពីស្រុករមាសហែក មកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារ TTP1 ក្រុងបាវិត រួចឲ្យក្រុមលោកផ្កាយពីរដឹកពីក្រុងបាវិត ខេត្តស្វាយរៀងទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញមកក្រុងបាវិត ខេត្តស្វាយរៀង។ នេះគឺជាសកម្មភាពលើកទី៣ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្តង។

ចំណែកជនសង្ស័យ៥នាក់ផ្សេងទៀត គឺមិនមែនជាមន្ត្រីយោធាទេ ពួកគេត្រូវបានលោកផ្កាយ២ឲ្យក្លែងខ្លួនជាមន្ត្រីយោធាមានឋានន្តរស័ក្តិ ជួលឲ្យបើករថយន្តប៉ុណ្ណោះ។ នេះបើតាមចម្លើយសារភាពរបស់អ្នកទាំង ៥នាក់។

  ក្រោយពីសាកសួរអស់រយៈពេល ១ថ្ងៃមក នៅវេលាម៉ោង ៦និង១០នាទីល្ងាច ជនសង្ស័យទាំង៧នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

   សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ករណីនេះគឺជនសង្ស័យដឹកជនជាតិចិន ២៨នាក់នេះ ពីសណ្ឋាគារ TTP1 ក្រុងបាវិតទៅព្រលានយន្តហោះដើម្បីចេញទៅក្រៅប្រទេស៕

ដោយ៖ យឹម សុថាន


ចែករំលែក៖