ទីក្រុងហ្សាការតា៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តី ឡាវ នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សា ការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ លោក យូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខយោធាមីយ៉ាន់ម៉ា។ របៀបវារ:សំខាន់ៗចំនួន៣ រួមមានទី១ ការកសាងសហគមន៍អាស៊ាន ទី២ ទំនាក់ទំនងខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ បានប្រារព្វធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ នាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី រសៀលថ្ងៃទី២៤មេសានេះ។ នៅក្នុងកិច្ចប្រជុំកំពូលពិសេស ដែលធ្វើឡើងជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាសកល បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ ននៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រភព ៖ ទទក