ភ្នំពេញ៖ ពិតជាគួរឱ្យរន្ធត់ណាស់ក្រោយពីតារាកំប្លែង នាងយ៉េ យ៉េ បានប្រកាសខ្លួនឯងថានាងត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ អ្វីដែលកាន់តែតក់ស្លុតខ្លាំងទៀតនោះ គឺនាងបានទម្លាយរឿងដ៏គួរឲ្យអាសូរមួយ នោះគឺក្រុមគ្រួសាររបស់នាងស្ទើរតែទាំងអស់ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បើទោះបីជាពួកនាងរស់នៅដាច់ដោយឡែកពីគ្នាមិនដែលបានជាប់ទាក់ទងគ្នានោះក៏ដោយ។
តារាកំប្លែង យ៉េយ៉េ និងតារាភេទទី៣ នាងសាមែល រួមនឹងសមាជិកគ្រួសារម្នាក់ផ្សេងទៀតត្រូវបានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩កាលពីរាត្រីថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះ។
នាងបានបញ្ជាក់តាមទូរស័ព្ទថា នាងខកខានក្នុងការចេញទៅសម្តែង និងទៅទីកន្លែងផ្សេងៗទៀតជាច្រើនសប្តាហ៍មកហើយ ដែលនាងអាចឆ្លងពីសមាជិករស់នៅក្នុងផ្ទះជាមួយនាង គឺតារាភេទទី៣នាងសាមែល។ នាងបញ្ជាក់ដែរថា មុនទៅធ្វើតេស្តសំណាក នាងមានអាការក្តៅខ្លួនបែបផ្តាសាយ ហើយក៏លេបថ្នាំ ព្រោះគិតថាជាការឈឺធម្មតា។ ប៉ុន្តែក្រោយមកនាងក៏មានអាការក្អក និងហិតលែងដឹងក្លិន ដែលស្របនឹងសមាជិករស់នៅផ្ទះជាមួយនាង គឺនាង សាមែន ក៏បានកើតអាការបែបនេះមុននាងផងដែរ ទើបសង្ស័យក៏នាំគ្នាទៅធ្វើសំណាក ហើយលទ្ធផលនៃការធ្វើតេស្តចេញមកថានាងមានវិជ្ជមាន។
តារារូបនេះបានបញ្ជាក់រឿងរ៉ាវដ៏គួរឲ្យសង្វេគនេះថា វាគឺជារឿងមួយនឹកស្មានមិនដល់សម្រាប់ក្រុមគ្រួសារនាង ដោយនាងថា”មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យ ជួយគេទាំងខ្លួនឯងជាមនុស្សក្រ ចុះហេតុអីបុណ្យដែលខ្ញុំធ្វើមិនជួយដល់ការបន់ផ្សងរបស់ខ្ញុំវិញខ្លះ បងខ្ញុំពីរគ្រួសារមានគ្នា៦នាក់ ត្រូវសម្រាកព្យាបាលនៅកោះពេជ្រ មួយគ្រួសារទៀត៤នាក់សម្រាកព្យាបាលនៅសាលាជម្ពូវ័ន មួយគ្រួសារទៀត៤នាក់នៅបុរីពិភពថ្មីសែនសុខ និងឣ្នកផ្ទះខ្ញុំ៤នាក់ទៀត។ នាងថានាងមិនដែលបានជួបពួកគាត់ឡើយ ប៉ុន្តែសមាជិកក្រុមគ្រួសារដែលវិជ្ជមានជំងឺកូវីដ-១៩នេះបានឆ្លងពីអ្នកភូមិប៉ុណ្ណោះ។ បើទោះបីជាជួបរឿង ដែលធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តបន្តបន្ទាប់ក្តី ប៉ុន្តែតារាកំប្លែងដែលជាបង្គោលគ្រួសាររូបនេះបានបញ្ចេញសារលើកទឹកចិត្តខ្លួនឯង និងសមាជិកក្រុមគ្រួសារទាំងអស់ឲ្យខិតខំតស៊ូជម្នះទុក្ខលំបាកនៅពេលនេះនិងឆាប់បានត្រឡប់ទៅផ្ទះយើងរៀងៗខ្លួនវិញណា។ នេះបានចាត់ទុកថាជាការលំបាកផ្ទួនៗនឹកស្មានមិនដល់សម្រាប់ក្រុមគ្រួសារនាង ក្នុងនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ញើសារជូនពរ និងលើកទឹកចិត្តតារាកំប្លែងរូបនេះឲ្យបន្តជម្នះក្នុងស្ថានភាពដ៏លំបាកនេះ៕
ដោយ៖ វឌ្ឍនា