ព័ត៌មានទាន់ហេតុការណ៍៖

ហួសហេតុពេកហើយដល់ថ្នាក់ហ្នឹង ! ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ខ្មាំង ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័កសោះ

ចែករំលែក៖

     ខេត្តកំពង់ឆ្នាំង ៖ មានរឿងប្លែកៗក្នុងសង្គម ! ហួសចិត្តគ្រាន់តែរឿងសមត្តកិច្ច អាជ្ញាធរ ហៅអោយទៅធ្វើចត្តាឡីស័ក ដើម្បីជួយអាយុជីវិតខ្លួនឯងសោះ ក៏បង្កើតទៅជាបញ្ហាបំពុលសភាពការណ៍ ធ្វើឲ្យសមត្ថកិច្ចអាជ្ញាធរនិងជំនាញសុខាភិបាលខាតពេលវេលា ដើម្បីគិតសុខភាពពួកគាត់ ហើយបែជាពួកគាត់មិនព្រម  ក៏ព្រមានអាជ្ញាធរ សមត្ថកិច្ច ឈានដល់ចាប់ប្រពន្ធធ្វើជាចំណាប់ខ្មាំងទៅវិញ ?

ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោងប្រមាណជា១០ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ចកងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ​និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមលួងលោម​បុរសម្នាក់ និងស្ត្រីម្នាក់ជាប្ដីប្រពន្ធ​ ដែលបានចូលមកភូមិទួលក្រឡាញ់ ​សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ។

សមត្ថកិច្ច​ បាន​ឲ្យដឹងថា បុរសរូបនេះ បានរារាំងសមត្ថកិច្ចមិនសហការ ដើម្បីទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាក បុរសរូបនេះបានចាប់ប្រពន្ធរបស់ខ្លួនធ្វើជាចំណាប់ខ្មាំងថែមទៀតផង ខណៈដែលប្រពន្ធយល់ព្រមតាមអាជ្ញាធរ ។ ករណីនេះ រហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការបន្ទាន់ ដើម្បីនាំខ្លួន ទៅចត្តាឡីស័ក និងពិនិត្យសំណាក។ បច្ចុប្បន្នបុរសរូបនេះ និងប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងប្ដីទាំងប្រពន្ធតាមរថយន្តសង្គ្រោះបន្ទាន់។
សូមចូលរួមអនុវត្តតាមវិធានសុខាភិបាល ដើម្បីយើងទាំងអស់គ្នា រួចផុតនូវគ្រាដ៏លំបាក គឺជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះ៕

ដោយ, សិលា


ចែករំលែក៖