ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេង សុថុល ស្នើសុំដល់ពលរដ្ឋឱ្យមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់នូវជំងឺកូវីដ-១៩

ចែករំលែក៖

       ភ្នំពេញ៖ ក្នុងឱកាសដឹកនាំក្រុមការងារសង្កាត់-ខណ្ឌចំការមន ចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន២សង្កាត់ រួមមានសង្កាត់ទន្លេបាសាក់ចំនួន ៨១គ្រួសារ និងសង្កាត់ផ្សារដើមថ្កូវចំនួន ៣២៣គ្រួសារ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១ លោកថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យក្រុមការងារ រួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិត ។ 

   លោកអភិបាលខណ្ឌ បានបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ  ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេសការអនុវត្តវិធានការ ៣ការពារ ៣កុំ និងការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន។ 

   លោក ថេង សុថុល បានលើកឡើងថា ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នាដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ ។

   លោកអភិបាលខណ្ឌក៏បានលើកឡើងពីកិច្ចខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់របស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងទាំងបីប្រភេទ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍២០កុម្ភៈ ។

  បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមនបានឱ្យដឹងថា អំណោយដែលចែកជូននេះក្នុង១គ្រួសារទទួលបាន អង្ករ១បាវទម្ងន់២៥គីឡូក្រាម, មី១កេស និងត្រីខ១យួរ ៕

ដោយ៖ ជីណា


ចែករំលែក៖