ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការអនុញ្ញាតឲ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់ម្ចាស់សេវាព្យាបាលឯកជន និងសម្ភព ស្របច្បាប់ក្នុងរាជធានីភ្នំពេញ ទាំងអស់ជ្រាបថា ដើម្បីជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ ក្រសួងអនុញ្ញាតឲ្យសេវាព្យាបាលឯកជន និង សម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយត្រូវស្នើ សុំការអនុញ្ញាតច្បាប់មកក្រសួង តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ ដែលមានទូរស័ព្ទ និងតេឡេក្រាមលេខ ០១២ ៩១២ ១២២- ០១២ ៨៩១ ៥២៧ និង០១២ ៦៥១ ១១២ និងត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
១. មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប
២. មានផ្លូវ និងចំណតរថយន្តសមស្រប
៣. មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់
៤. មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់
៥. មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប
៦. មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ
៧. មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប
៨. មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប
៩. មានប្រព័ន្ធគ្រប់គ្រងការបង្ការនិងត្រួតពិនិត្យការចម្លងរោគអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
១០. មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត
១១, ផ្តល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល។
ទទួលបានសេចក្ដីជូនព័ត៌មាននេះ សូមម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញ ទាំងអស់ ជ្រាប និងរៀបចំចាត់ចែងស្នើសុំការអនុញ្ញាតច្បាប់មកក្រសួងសុខាភិបាល តាមការគួរ៕
ដោយ៖ សុខ ខេមរា