ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីថ្មីបន្ថែមនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តកំពង់ឆ្នាំងរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់បន្ថែមដែលមាន ឈ្មោះ ជីន អ៊ីហុឺង ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម មានអាសយដ្ឋានរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
ប្រវត្តិនៃការប៉ះពាល់៖
-ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានធ្វើដំណើរមកពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកកាន់ លំនៅដ្ឋានដែលមានអាសយដ្ឋានដូចខាងលើ តាមរយៈរថយន្តឈ្នួល ដែលម្ចាស់រថយន្តឈ្មោះ ប៉ាវ (ជនជាតិវៀតណាម) ដោយមានអ្នករួមដំណើរចំនួន ០៥នាក់។
-ថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២១ បានទៅចូលរួមសែនផ្ដាច់ខ្មោចប្អូន ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
-ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២១ នៅផ្ទះ
-ថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ បានទៅផ្សារពន្លៃ ដើម្បីទិញឥវ៉ាន់
-ថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១ នៅផ្ទះ
-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានអាការៈក្តៅខ្លួន ផ្តាសាយ អស់កម្លាំង និងបានហៅពេទ្យមកចាក់ថ្នាំនៅផ្ទះ
-ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប្ដី ឈ្មោះ ហាម វាំងភូ ជនជាតិ វៀតណាម បានមកពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មកដល់ផ្ទះយប់)
-ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរឃុំ និងមន្ត្រីសុខាភិបាល បានបញ្ជូនក្រុមគ្រួសារនោះមកមណ្ឌលចត្តាឡីស័ក (មានចំនួន ០៣នាក់)
-ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកក្រុមគ្រួសារអ្នកទាំង៣ខាងលើ រួមមាន៖
+ឈ្មោះ ហាម វ៉ាងភូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម (ត្រូវជាប្ដី)
+ឈ្មោះ ជីន អុីហុឹង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម (ត្រូវជាប្រពន្ធ)
+ឈ្មោះ ហាំ វ៉ាន់ធី ភេទស្រី អាយុ ០៣ឆ្នាំ ជនជាតិ វៀតណាម (ត្រូវជាកូន)
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ពីវិទ្យាស្ថានសុខភាពសាធារណៈ(១នាក់) អាស្រ័យហេតុនេះ សូមសាធារណជនដែលមានទំនាក់ទំនងជាមួយបុគ្គលខាងលើឈ្មោះ ជីន ធីហ៊ឹង (ប្រពន្ធ)។
អញ្ជើញមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកបរិបូណ៌ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទ៕
ដោយ ៖ សិលា