អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១ បានចុះផ្សាយថា បុរសជនជាតិអេស្ប៉ាញម្នាក់ ដែលមានរោគសញ្ញាជំងឺ COVID-19 បានក្អកដាក់មិត្តរួមការងាររបស់ខ្លួន ហើយបានប្រាប់ពួកគេថា «ខ្ញុំនឹងផ្តល់ឱ្យពួកអ្នកនូវមេរោគកូរ៉ូណា» ត្រូវបានតុលាការអេស្ប៉ាញកាត់ទោសចោទប្រកាន់ពីបទបង្កការឆ្លងដោយចេតនា បន្ទាប់ពីគាត់បានចម្លងរោគទៅកាន់មនុស្សចំនួន ២២នាក់។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអេស្ប៉ាញ ចំពោះការស៊ើបអង្កេតរបស់ពួកគេបានចាប់ផ្តើមធ្វើឡើងបន្ទាប់ពីការផ្ទុះជំងឺ COVID-19 នៅឯក្រុមហ៊ុនដែលបុរសវ័យ ៤០ឆ្នាំខាងលើនេះធ្វើការ។
ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិស បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនពេលដែលមានការផ្ទុះឡើងនៃជំងឺនេះ បុរសរូបនេះបានចេញរោគសញ្ញា នៃជំងឺ Covid-19 ប៉ុន្តែគាត់បានច្រានចោលការផ្តល់យោបល់ពីមិត្តរួមការងាររបស់គាត់ ដែលចង់ឲ្យគាត់ទៅផ្ទះហើយនៅដាច់ដោយឡែកពីគេ។ ក្រោយមកបុរសរូបនេះបានចេញពីធ្វើការ ហេីយសុខភាពរបស់គាត់នៅតែមិនមានភាពប្រសើរឡើង គាត់បានទៅធ្វើតេស្ត PCR មុនពេលទៅកន្លែងហាត់ប្រាណ ហើយត្រឡប់មកធ្វើការវិញនៅថ្ងៃបន្ទាប់។
ខណៈដែល ថ្នាក់លើបានប្រាប់គាត់ឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីប្រដាប់វាស់កម្តៅបានរកឃើញថា គាត់មានសីតុណ្ហភាព ៤០អង្សាសេក៏ដោយ ក៏បុរសនោះបានបដិសេធ។
លេីសពីនេះ បុរសនោះបានដើរជុំវិញកន្លែងធ្វើការរបស់គាត់ ដោយទាញម៉ាសរបស់គាត់ចុះក្រោម ហើយក្អកដាក់លើមនុស្សម្នាដោយនិយាយថា៖ «ខ្ញុំនឹងចម្លងរោគនេះដល់អ្នកគ្រប់គ្នា»។
បន្ទាប់មកនៅថ្ងៃបន្ទាប់លទ្ធផលតេសត្ត PCR របស់គាត់បានបង្ហាញថា «វិជ្ជមាន»។
ក្រោយមកមិត្តរួមការងាររបស់គាត់ក៏បានទៅតេស្តផងដែរ ដោយប្រាំនាក់ក្នុងចំណោមពួកគេទទួលបានលទ្ធផល «វិជ្ជមាន»។នៅកន្លែងហាត់ប្រាណដែលបុរសបានទៅ មានមនុស្ស ០៣នាក់បានធ្វើតេស្ត «វិជ្ជមាន» ហើយសមាជិកគ្រួសារពួកគេក៏ឆ្លងជំងឺនេះដែរ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ Europa Press បានរាយការណ៍ថា ចៅក្រមបានចោទប្រកាន់បុរសម្នាក់នោះ ដែលប៉ូលិសមិនបានបង្ហាញអត្តសញ្ញាណ ហើយបានដោះលែងគាត់នៅល្ងាចថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីរង់ចាំការជំនុំជម្រះក្តី៕ដោយ៖ស តារា
រូបភាព៖ឯកសារ ពលរដ្ឋអេស្ប៉ាញ អំឡុងវិបត្តិជំងឺកូវីដ-១៩