ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកចុះបង្ក្រាបឈើគ្រឿងផ្ទះរាប់សឹបម៉ែត្រគូបគ្មានច្បាប់អនុញ្ញាត សង្ស័យជាឈើឈ្មួញបន្លំភ្នែកសមត្ថកិច្ច (មានវីដេអូ)

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនម៉ែត្រគូបដែលគេយកមកគរទុកយ៉ាងអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបនិងរឹបអូសទាំងតាបឈូសឈើមួយគ្រឿងទៀតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនិីតិវិធី។ សកម្មភាពនៃក្រុមការងារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឈើខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន(ម៉ុងរិទ្ធីគ្រុប) ក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

តាមប្រភពបានលួចបង្ហើបឱ្យដឹងថា ឈើរាប់រយម៉ែត្រគូបខាងលើនេះ គឺជាឈើរបស់ឈ្មួញដែលត្រៀមដឹកចេញតាមរថយន្តយីឌុប តែដោយសារផ្ទុះជំងឺកូវិីដ- ១៩ រីករាលដាលក្នុងសហគមន៍២០កុម្ភ: ទើបឈើនេះស្ទះចេញមិនរួច ហើយបង្វែរទៅជាឈើសាងសង់ផ្ទះចំនួន២ខ្នងទៅវិញ និងបានលេសថាបិទផ្លូវខេត្តពួកជាងមកមិនរួចទើបស្ទះមិនបានធ្វើ ដែល នាំឱ្យមហាជនមានការសង្ស័យថា នេះជាល្បិចរបស់ឈ្មួញតែប៉ុណ្ណោះ ព្រោះឈើធ្វើផ្ទះឯណាក៏ច្រើនរាប់រយម៉ែត្រគូបបែបនេះ ហើយគ្មានច្បាប់អនុញ្ញាតថែមទៀត សូម្បីតែអាជ្ញាធរមូលដ្ឋានក៏មិនបានដឹងនោះដែរ។

ជុំវិញការបង្ក្រាបនេះលោកសួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បានបញ្ចាក់ថា: ក្នុងការបង្ក្រាបគំនរឈើដ៍៏ច្រើនម៉ែត្រគូបនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះហើយ នៅមិនទាន់ដឹកជញ្ជូនអស់នៅឡើយទេ។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះការដឹកជញ្ជូនសរុបបានចំនួន៤រថយន្តយីឌុបយកមកដល់កន្លែងរួចរាល់ហើយ នៅសល់ចំនួនប្រហែល២គោយន្តកែច្នៃទៀតទើបអស់។ លោកថា  ថ្ងៃនេះលោកកំពុងដឹកនាំកម្លាំងនិងកម្មករទៅដឹកបង្ហើយឈើនៅសល់ដែលនៅចំណុចទីតាំងខាងលើ ទើបធ្វើការវាស់វែងរកចំនួនសរុបនៅពេលក្រោយ។

គួររំលឹកថា កន្លងមកគេសង្កេតឃើញក្រុមឈ្មួញឈើជាច្រើនកំពុងសម្ងំលួចបង្កើតសិប្បកម្មកែច្នៃឈើយ៉ាងអនាធិបតេយ្យឥតច្បាប់អនុញ្ញាត និងលួចប្រមូលទិញឈើយ៉ាងគឃ្លើនតាមបន្ទាត់ព្រំដែននិងគ្រប់ច្រកល្ហកយកមកគរទុកកែច្នៃខ្លះ និងខ្លះទៀតលួចបង្កប់ដាក់តាមរថយន្តសាំយ៉ុង ដើម្បីដឹកបន្តយកទៅដាក់នៅរោងសិប្បកម្មក្នុងខេត្តជារៀងរាល់ថ្ងៃនិងយប់ដូចជាគ្មានការទប់ស្កាត់ឬបង្ក្រាបពីសំណាក់ក្រុមសមត្ថកិច្ចនៅតាមដងផ្លូវ ឡើយ ទើបគេដាក់ការសង្ស័យថា ប្រហែលជាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមួយចំនួនទេដឹង ទើបធ្វើពុតជាមើលមិនឃើញ ធ្វើមិនដឹងមិនឮ ធ្វើជាដេកលក់អង្គុយចាំយកតែប្រយោជន៍ ដោយមិនគិតពីផលប៉ះពាល់ ឬបាត់បង់ ធនធានព្រៃឈើឡើយ។ ប៉ុន្តែប្រហែលជាមិនដូច្នោះទេ ទើបនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញសហការគ្នាចុះបង្ក្រាបដោយសារតែឈើទាំងនេះមានទំហំធំហើយមានឈើគ្រឿងផ្ទះនិងក្តារជាច្រើនគំនរគរពេញចម្ការកៅស៊ូខាងលើ មិនងាយលាក់បាំងបានទើបសមត្ថកិច្ចធ្វើការបង្ក្រាបតែម្តងទៅ៕

 

                            

ដោយ៖ មាស សុផាត


ចែករំលែក៖