ព័ត៌មានទាន់ហេតុការណ៍៖

មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRolls Royes តម្លៃខ្ទង់លានដុល្លារ បានបើកដឹកជនជាតិចិនបីនាក់ដើម្បីឆ្លងកាត់ការត្រួតពិនិត្យ….!

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នេះ មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRools Royes ពាក់ស្លាកលេខ កម្ពុជា BRS.7377 បើកបរដោយបុរសម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានដឹកជនជាតិចិនបីនាក់មានប្រុស២នាក់និងស្រី១នាក់ ដើម្បីឆ្លងកាត់ការត្រួតពិនិត្យរបស់កងកម្លាំង ដែលកំពុងតែឈរជើងប្រចាំគោលដៅបិទខ្ទប់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចាប់ឃាត់ទុកបាន បន្ទាប់ពីមិនមានលិខិតស្នាមណាបញ្ជាក់ថាមានសិទ្ធិឆ្លងកាត់តាមតំបន់ហាមឃាត់ដែលជាវិធានរដ្ឋបាលរបស់រាជរដ្ឋាភិបាល។

ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាកន្លែងគោលដៅត្រួតពិនិត្យចុងផ្លូវស្ពានជ្រោយចង្វា នាម្តុំរង្វង់មូលកួចកាណុង ។ បន្ទាប់ពីឃាត់ទុករួចមក កម្លាំងជំនាញប្រចាំគោលដៅបាននាំយកបុរសខ្មែរម្នាក់ជាអ្នកបើករថយន្ត ព្រមទាំងរថយន្តនិងជនជាតិចិនបីនាក់នោះដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនិីតិវិធីច្បាប់។

ដោយឡែក​ជុំវិញករណីនេះដែរ​ លោកវរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាលខណ្ឌដូនពេញ​ ក៏បានប្រាប់អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧​ ខែមេសា​នេះដែរថា៖​ ពិតជាមានករណីឃាត់រថយន្តស៊េរីទំនេីបម៉ាក Rools Royes​ នេះមែន។ ប៉ុន្តែ​ភ្លាមៗ​ កម្លាំង​របស់លោក​ បានប្រគល់ទៅឲ្យកម្លាំងនគរបាលការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តនីតិវិធីច្បាប់។

ចំណែក​លោក​ សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះដែរថា​ ទាក់ទិននឹងបញ្ហាខាងលេី​ កម្លាំង​សមត្ថកិច្ច​ប្រចាំ​គោលដៅ​រង្វង់​មូល​គួច​កាណុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ បានធ្វើការ​ត្រួតពិនិត្យរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Rools Royes​ ដោយ​អ្នកបើកបរ​ម្នាក់​ជា​ទាហាន (​មានឋានន្តរស័ក្ដិអនុសេនីយ៍ឯក​)​ និងរួម​ដំណើរ​ជាមួយ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​ ៣នាក់​។​

ភ្លាមនោះ​ដោយមាន​ការសង្ស័យកម្លាំង​ស​ម​ត្ថ​កិច្ច​គោលដៅ​ ក៏បាន​ឃាត់ខ្លួន​មនុស្ស​ទាំង​ ៤​នាក់​នេះ រួចនាំខ្លួន​ទៅ​សួរនាំ​បន្ថែម​នៅ​ការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែម្ត​ង។​

សូមជម្រាបថា​ ក្នុង​ហេតុ​ការណ៍​នេះ​ មន្ត្រី​យោធា​ដែល​ជាអ្នកបេីកបរ​រថយន្ត​ខាង​លើ​នេះ​ មានឈ្មោះ មឿ​ន សា​មន បម្រើ​ការងារ​នៅ​អង្គភាព​បញ្ជាការដ្ឋាន​ការពារ​អាកាស កងទ័ពជើងគោក​។​ បន្ទាប់​ពី​ឃាត់ខ្លួនមន្ត្រី​យោធា​រូបនោះ​ ក៏បានបញ្ជាក់ថា​ ខ្លួន​បានទទួល​បញ្ជា​ពី​ថៅកែ​របស់ខ្លួន​ឲ្យ​យក​រថយន្ត​ចេញពី​ក្រុមហ៊ុន​នៅ​ម្ដុំ​ផ្សារ​អ៉ីអន​២​ នៅខណ្ឌសែនសុខ ទៅ​ដឹក​ជនជាតិ​ចំនួន ៣​នាក់ (​ស្រី​១​នាក់​) នៅ​ក្លិប​ស្កា​យ​បា ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្នុង​គោលបំណង​យកទៅ​អូ​តែ​ល​សុខា​ ស្រាប់​តែ​បើក​មកដល់​រង្វង់​មូល​គួច​កាណុង ក៏​ត្រូវសមត្ថកិច្ច​ឃាត់​រថយន្ត​សាកសួរ​រកឯកសារតែម្តង៕ដោយ៖ វណ្ណៈ


ចែករំលែក៖