ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបថា កន្លងមក រដ្ឋបាលខេត្តព្រៃវែង បានធ្វើការផ្អាកជាបណ្តោះអាសន្ននូវការចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ គឺឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលពាក់ព័ន្ធ នឹងប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់ ក្នុងឃុំព្រែកខ្សាយ(ខ) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ ដោយបច្ចុប្បន្ន ស្ថានភាពក្នុងឃុំចំនួន០៤នេះ មានសភាពស្ងប់ស្ងាត់ ពុំមានការបង្កហានិភ័យនៃជំងឺកូវីដ-១៩ និងដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ប្រជាពលរដ្ឋបានដំណើរការចេញ-ចូលក្នុងការប្រកបមុខរបរ និងជីវភាពរស់នៅប្រចាំថ្ងៃ រដ្ឋបាលខេត្ត ព្រៃវែង សូមបើកឲ្យដំណើរការចរាចរណ៍ចេញ-ចូលឡើងវិញ ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ គឺឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងនោះដែរ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភះ ២០២១” សូមបងប្អូនប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅកាត់ផ្ដាច់នូវខ្សែចម្លងនៃជំងឺកូវីដ-១៩ ពិសេស អនុវត្តនូវវិធានការ “៣ការពារ និង ៣កុំ” ។
“ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីខ្លួនឯង សាច់ញាតិ សហគមន៍ និងប្រទេសជាតិ គ្មានជំងឺកូវីដ-១៩” ។ អាស្រ័យហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា