ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

អនុលោមតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយបានកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា ៣ (បី) តំបន់ គឺ “តំបន់ក្រហម” តំបន់លឿងទុំ” និង “តំបន់លឿង ” ។ ជាគោលការណ៍ សម្រាប់ “តំបន់ក្រហម” រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែក អាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្ដោះអាសន្ន និងសម្រាប់ “តំបន់លឿងទុំ” សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរ ជាលក្ខណៈវេចខ្ចប់។
យ៉ាងណាមិញ ដោយពិនិត្យឃើញពីភាពចាំបាច់ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឱ្យសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” អាចដំណើរការទៅដោយសុវត្ថិភាព ចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត ក្នុងអំឡុងពេល ការបិទខ្ចប់ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១. គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែក អាហារ -ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” ក៏ត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់ ដាច់ខាតមិនត្រូវទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ដោយ ត្រូវអនុវត្តរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

២.សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ឋផ្នែកអាហារ នៅក្នុង “តំបន់លៀង -ភេសជ្ជៈគ្រប់ប្រភេទ ដែលបើកដំណើរការ ” ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។
៣.រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវសហការ ចុះត្រួតពិនិត្យតាមបណ្តាគោលដៅទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាង ភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿងៗ ដើម្បីធានាការអនុវត្ត ឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬ ម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមសហការ ឬ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់វិធានការ រដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។
ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន គណៈគ្រប់គ្រងផ្សារ ម្ចាស់អាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈ គ្រប់ប្រភេទ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖