ខេត្តបាត់ដំបង៖ បើតាមការអះអាងរបស់មន្ត្រីប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ថា កម្លាំងសមត្ថកិច្ចជំនាញស្រុក-ខេត្ត បានសហការគ្នាឆ្មក់ចូលទៅបង្រ្កាប និងឃាត់ខ្លួនក្រុមជនអាវ៉ាសែប្រុសស្រីចំនួន២៦នាក់ ដែលលួចប្រមូលផ្ដុំគ្នាជក់គ្រឿងញៀន និង បំពានបំរាមវិធានការក្រសួងសុខាភិបាល ក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងយីហោ«ពិភពថ្មី»នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។ មិនតែប៉ុណ្ណោះ មន្ត្រីប្រឆាំងគ្រឿងញៀន អះអាងថា ក្នុងចំណោមមនុស្ស ២៦នាក់នេះ មានមនុស្សចំនួន១៧នាក់ អាចប្រឈមនឹងការជាប់គុក ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនទាំង២៦នាក់ដែលត្រូវឃាត់ខ្លួន គឺ មានចំនួន០៨នាក់ ជាអ្នកមើលការខុសត្រូវខារ៉ាអូខេ ក្នុងនោះមានទាំងថៅកែស្រីនិងមេការផង ក្រៅពីនេះគឺជាអតិថិជនដែលវង្វែងផ្ទះ។
ជនទាំង០៨នាក់នោះ មាន ១-ឈ្មោះ ឡេង ណារ័ត្ន ស្រីអាយុ៤៥ឆ្នាំ ជាថៅកែខារ៉ាអូខេ ២-ឈ្មោះ សួន សំណាង ប្រុសអាយុ៣១ឆ្នាំមេការ ៣-ឈ្មោះ ហ៊ឹម វ៉ាន់ថា ស្រីអាយុ៤១ឆ្នាំ អ្នកចាក់ខារ៉ាអូខេ ៤-ឈ្មោះ សូ សុវណ្ណដារ៉ា ប្រុសអាយុ២៦ឆ្នាំ មេការ ៥-ឈ្មោះ ឃាង តុងអុី ប្រុសអាយុ១៧ឆ្នាំ ជាសន្តិសុខ ៦-ឈ្មោះ គឹម វី ស្រីអាយុ៣៤ឆ្នាំ មេការ ៧-ឈ្មោះ កុប ស្រីពេជ្រ ស្រីអាយុ២១ឆ្នាំ ជាបុគ្គលិក និង៨-ឈ្មោះ សៅ ស្រីហៀង ស្រីអាយុ២១ឆ្នាំ ជាបុគ្គលិក។
ដោយឡែកជនប្រុស ស្រីចំនួន១៨នាក់ទៀត ជាអតិថិជន ហើយពួកគេទាំង២៦នាក់ខាងលើនេះសុទ្ធតែអ្នករស់នៅស្រុកកំរៀង។ ប៉ុន្តែលោក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចំណោមអតិថិជនវង្វែងផ្ទះទាំង១៨នាក់នេះ មានចំនួន០៩នាក់ មិនជាប់ពាក់ព័ន្ធទេ ដោយសារយើងរកឃើញថា ពួកគេនៅខាងក្រៅបន្ទប់ច្រៀង តែក្រៅពីនេះអាចប្រឈមនឹងផ្លូវច្បាប់ជាមួយនឹងថៅកែខារ៉ាអូខេ ព្រោះពួកគេមានគ្រឿងញៀន និង បំពានបំរាមកូវីដ-១៩ ។ ជាមួយនឹងការឃាត់ខ្លួនខ្លួននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន០១ថង់ មានទម្ងន់៤,៤៤ក្រាម រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរូបនេះ បន្តថា ជនដែលជាប់សង្ស័យចំនួន១៧នាក់ កំពុងត្រូវបានមន្ត្រីជំនាញសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះពួកគេជាប់សង្ស័យពីបទ ផ្តល់ទីតាំង សម្របសម្រូលឲ្យប្រព្រឹត្តបទល្មើស និង បំពានវិធានសុខាភិបាល ដែលហាមមិនឲ្យជួបជុំ ក្នុងអំឡុងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ចំណែកមនុស្សចំនួន០៩នាក់ ក្នុងនោះមានស្រីចំនួន០៧នាក់ ត្រូវបានធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។
បន្ថែមពីនេះលោកសុខ និមល បានសង្កត់ធ្ងន់ថា ពេលនេះលោកស្នងការខេត្តបាត់ដំបង បានបញ្ជាឲ្យមន្ត្រីជំនាញ បន្តការសួរនាំនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់៕ដោយ៖សហការី