ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសបញ្ជូនម៉ាស៊ីនជំនួយដង្ហើម ១០០០គ្រឿងបន្ថែមទៀតជូនឥណ្ឌា

ចែករំលែក៖

នៅថ្ងៃទី២ខែឧសភា រដ្ឋាភិបាលអង់គ្លេសបានប្រកាសបញ្ជូនជំនួយម៉ាស៊ីនជំនួយដង្ហើមបន្ថែម១០០០គ្រឿងទៀតទៅកាន់ប្រទេសឥណ្ឌា ក្នុងពេលប្រទេសនេះ មានករណីឆ្លងលើសពី៣សែននាក់ក្នុងមួយថ្ងៃរយៈពេល១០ថ្ងៃជាប់គ្នា ។
កន្លងមក រដ្ឋាភិបាលអង់គ្លេសបានបានផ្តល់ជំនួយម៉ាស៊ីនជំនួយដង្ហើម៦០០គ្រឿង និងម៉ាស៊ីនផលិតអុកស៊ីហ្សែនឲ្យដល់ប្រទេសឥណ្ឌា ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានប្រកាសថា « ការផ្តល់ជំនួយនេះ នឹងជួយដល់ឥណ្ឌាទប់ស្កាត់ហេតុការណ៍អាក្រក់ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ ហើយឥណ្ឌាមិនមានបរិក្ខារគ្រប់គ្រាន់ដើម្បីព្យាបាលអ្នកជំងឺ»។
ក្រៅពីប្រទេសអង់គ្លេស នៅមានអាមេរិក អាល្លឺម៉ង់ និងប៉ាគីស្ថាន ក៏បានផ្តល់ជំនួយបន្ទាន់ដល់ប្រទេសឥណ្ឌាផងដែរ។ កាលពីថ្ងៃទី ២ខែមេសា ឥណ្ឌាមានករណីឆ្លងកើនឡើងដល់ទៅ392.488 ក្នុងមួយថ្ងៃ ។
ក្រោយការបូកសរុបទិន្នន័យដែលត្រូវបានប្រកាស ដោយក្រសួងសុខាភិបាលឥណ្ឌាខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១៩.៥៦លានករណី ក្នុងនោះមានអ្នកស្លាប់ ២១៥,៥៤២នាក់ និងជាសះស្បើយឡើងវិញ ១៥.៩៨លាននាក់។ អ្នកជំនាញជាច្រើននៅឥណ្ឌា បានព្រមានម្តងហើយម្តងទៀតថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនលើសពីករណីឆ្លងដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយនោះ។
កាលពីអំឡុងដើមឆ្នាំ២០២១ ឥណ្ឌាបានមើលឃើញករណីឆ្លង COVID-19 ធ្លាក់ចុះមកនៅក្រោម ១០,០០០ករណីទៅហើយ ទើបកាលណោះវិធានការរឹតបន្តឹងជាច្រើន ត្រូវបានដកចេញវិញ។ បើតាមអង្គការសុខភាពពិភពលោក (WHO) គ្រាន់តែខែមេសាមួយប៉ុណ្ណោះ ឥណ្ឌាបានកត់ត្រាករណីឆ្លង COVID-19 រហូតដល់ជាង ៧លាននាក់បន្ថែមទៀត៕ ដោយ៖ ធីរីណា

រូបភាព៖ hanoimoi


ចែករំលែក៖