ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដចុះត្រួតពិនិត្យ ណែនាំអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច ដែលឈរជើងនៅតំបន់ក្រហម ត្រូវពង្រឹងការ ងារឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ឱ្យបាននៅពេលដ៏ខ្លីនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានបន្ដចះត្រួតពិនិត្យនិងណែនាំឲ្យ អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចដែលបាននិងកំពុងឈរជើងនៅតាមគោល ដៅបិទខ្ទប់ក្នុងតំបន់ក្រហម ត្រូវពង្រឹងការងារ ឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាតឱ្យចេញ ចូលទៅក្នុងតំបន់ក្រហមជាដាច់ខាត ។ក្រោយពីមាន ការប្រកាសនៃការបិទខ្ទប់តំបន់ក្រហមនេះជាថ្មីទៀត នៅតាមបណ្ដាលខណ្ឌមួយចំនួន ដូចជានៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករាជាដើម។

    ការជំរុញនិងការណែនាំបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែរលោកអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមតំបន់ក្រហមមួយចំនួននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌឬស្សីកែវ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១នេះ ។

     ក្រៅពីការណែនាំឲ្យពង្រឹង នៅតាមគោលដៅទាំងប៉ុន្មានខាងលើនេះ លោក ឃួង ស្រេង ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អាជ្ញាធរនិងកងកម្លាំង ដែលបាននិងកំពុងឈរជើងនៅគោលដៅបិទខ្ទប់ទាំង នោះ ផងដែរ ។ ការផ្តល់ជាថវិកានេះ គឺដើម្បីជាការលើកទឹកចិត្តឱ្យអាជ្ញាធរនិងកងកម្លាំង មានស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបិទខ្ទប់តំបន់ក្រហមទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងបាននូវ ការរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ ផ្សេងទៀត ។

    បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀត ជូនទៅ លោក សាន្ត សំអាត មន្ត្រីប៉ូលិសប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរងរបួសក្បាលដោយខ្យល់កន្រ្តាក់កាលពីយប់ម៉ិញ ៥ឧសភានៅពេលកំពុងបំពេញការងារ។

    លោក ឃួង ស្រេងបានមានប្រសាសន៍ទៀតថា៖ ក្នុងនាមអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវណែនាំពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ ពីហេតុផល នៃការបិទខ្ទប់នេះ ដែលសកម្មភាពបែបនេះ របស់អាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធ មានគោលបំណងតែមួយគត់ នោះគឺរក្សាជីវិត បងប្អូនទាំងអស់គ្នា កុំឲ្យឆ្លងនូវការជំងឺកូវីដ-១៩ មិនមានចេតនាណាមួយធ្វើបាបបងប្អូនទេ។

   លោកឃួង ស្រេង ក្រៅពីការណែនាំនិងជំរុញឲ្យ រឹតបន្តឹង នៅតាមគោលដៅសំខាន់ៗនៃច្រកចេញចូលតំបន់ក្រហមនេះហើយ លោកឃួង ស្រេង នូវបានណែនាំនិងបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ក្រហមទាំងនេះផងដែរ ពិសេស នៅតំបន់ផ្ទះជួលរបស់កម្មករ កម្មការិនីរោងចក្រស្នាក់នៅ និងនៅតាមបណ្តារោងចក្រដែលមានបញ្ហាប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ។

     ដោយឡែកចំពោះការផ្ដល់អំណោយជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេស បងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត នៅតាមតំបន់ក្រហមនេះឯង៕

ដោយ៖ សំរិត


ចែករំលែក៖