ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសាលាដំបូងសម្រេចឃុំខ្លួនតៃកុង និងព្រូរថយន្តម៉ាក ស្ដារិច ដឹកឈើប្រភេទប្រណីតធ្នង់ចំនួន៦៤ដុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ល្ងាចម្សិលមិញថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ លោក យុិន សារឿន សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ទៅលើជនជាប់ចោទ (តៃកុង និងព្រូ)រថយន្តម៉ាក ស្ដារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-BG 5240 មានផ្ទុកឈើប្រភេទប្រណីត(ធ្នង់)ចំនួន៦៤ដុំ ស្មើនឹងទម្ងន់ចំនួន៨៦០គីឡូក្រាម ។ បន្ទាប់ពីសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បង្រ្កាបនៅគ្រាកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ។

ជនជាប់ចោទឃុំខ្លួនទាំង២នាក់រួមមាន: តៃកុងឈ្មោះ ច្រឹល សេង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកំរៀង ខេត្តបាត់ដំបង និងព្រូឈ្មោះ គិត សុខមាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកអង្កស្នួល ខេត្តកណ្ដាល បច្ចុប្បន្ន វត្ថុតាងៈ ឈើប្រភេទប្រណីតធ្នង់ចំនួន៦៤ដុំ ស្នើនឹងទម្ងន់ចំនួន៨៦០គីឡូក្រាម ប្រគល់ជូនមន្រ្តីជំនាញរដ្ឋព្រៃឈើរក្សាទុក ។ ចំណែករថយន្តយកទៅបំរើផលប្រយោជន៍សាធារណៈ(ពេទ្យ)ដើម្បីរង់ចាំបន្តនីតិវិធី នេះបើយោងតាមការបង្ហើបអោយដឹងពីមន្រ្តីចុះប្រតិបត្តិការងារខាងលើផ្ទាល់ ។

គួររំលឹកថាៈ ករណីបង្រ្កាបតៃកុង និងព្រូរថយន្ត១គ្រឿង ដែលកំពុងដឹកជញ្ជូនឈើប្រភេទប្រណីតធ្នង់ជាក់ស្ដែង រហូតឈានដល់ឃុំខ្លួនមនុស្សចំនួន២នាក់ និងធ្វើការដកហូតនូវវត្ថុតាង(ឈើរួមទាំងមធ្យោបាយ)ផងនោះ ធ្វើឡើងតាំងពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ មកម្លេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមជ្ឈដ្ឋានខ្លះ បានលើកឡើងថា ការអនុវត្តនេះប្រហែលលើកដំបូងបង្អស់ហើយ សម្រាប់នៅខេត្តពោធិ៍សាត់ ខណៈកន្លងទៅឃើញតែអនុវត្តត្រឹមពិន័យអន្តរការណ៍ ។ លើកនេះអាចចោទប្រកាន់ក្នុងបទល្មើស ប្រមូលទិញ ដឹកជញ្ជូន យកទៅលក់ឆ្លងដែន ។ ប៉ុន្តែទោះជាយ៉ាងក្ដី អាចវែករកមុខមេក្លោងនៅពីក្រោយ ដែលកន្លងទៅគេបានដាក់ភាពសង្ស័យលើមន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធ២រូប ដែលជាមុខសញ្ញាអ្នកជំនួញឈើយូរឆ្នាំ សង្ឃឹមថា, ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ វែករកមុខមាត់ពិតជននៅពីក្រោយដើម្បីបន្តនីតិវិធីចុះ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖