ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឈាមស្រែកស្បែកហៅ ឃាត់ខ្លួនឃាតកកាប់សម្លាប់គូរទំនាស់បានហើយ

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាឃាតកកាប់គូរទំនាស់បណ្ដាលឲ្យរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិតនៅគ្រាក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះនោះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ បន្ទាប់ជនសង្ស័យរូបនេះព្យាយាមរត់គេចទាំងខ្លួនមានរបួសផងដែរនោះ ។

 ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យដៃដល់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ អិត រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ របួសដៃឆ្វេង២កន្លែង មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកជនរងគ្រោះ(ស្លាប់)ឈ្មោះ ហុន ទឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។

 លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តទៀតថា បន្ទាប់ស្ថាប័នជំនាញពាក់ព័ន្ធសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះ(ហុន ទឿន)មានស្នាមរបួសផ្នែកក្បាលលើចិញ្ចើម(ថ្ងាស)ខាងឆ្វេងទំហំ១៥cm គុណនឹង២cm ជម្រៅផុងលលាដ៍ ផ្នែកស្មាឆ្វេងទំហំ២៤cm គុណនឹង៨cm ជម្រៅដាច់ឆ្អឹងស្មា និងឆ្អឹងស្លាបប្រចៀវ ផ្នែកខ្នងខាងឆ្វេងពីកញ្ចឹង.កដល់ក្រោមក្លៀកទំហំ២៤cm គុណនឹង៥cm ជម្រៅដល់ឆ្អឹងជំនី និងសួត ផ្នែកចង្កេះខាងឆ្វេងទំហំ១៩cm គុណនឹង៥cm ជម្រៅដល់ឆ្អឹងតំរ៉ងនោម យោងតាមការពិនិត្យ និងស្រាវជ្រាវជាក់ស្ដែង សន្និដ្ឋានបានថាជនរងគ្រោះ(ហុន ទឿន)ស្លាប់បណ្ដាលមកពីប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុត និងមានទម្ងន់ ជនរងគ្រោះអាចស្លាប់លើសពីចំនួន១២ម៉ោង សពបានប្រគល់ជូនឪពុកបង្កើតយកទៅតំកល់ធ្វើបុណ្យ តាមប្រពៃណី នៅវត្តបក្សីចាំក្រុងហៅវត្តបាក់ត្រា ចំណែកសង្ស័យកំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ។

 ដោយឡែក លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិលបានឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃដដែលនេះដែរថា ជនសង្ស័យដៃដល់(អិត រ័ត្ន)និងជនរងគ្រោះ(ហុន ទឿន)បងប្អូនជីដូនមួយនឹងគ្នា ហើយពោះម៉ាយដូចគ្នា ជនសង្ស័យដៃដល់ និងជនរងគ្រោះ កាលប៉ុន្មានថ្ងៃមុនមានទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច នៅក្នុងវង់ផឹកសុីនៃផ្ទះជនដៃដល់ រឿងចង្រ្កានហ្គាសធ្វើម្ហូបក្លែម បន្ទាប់មកចេះតែឌឺដងពាក្យសម្ដីដាក់គ្នា លុះយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ជនរងគ្រោះជិះម៉ូតូមានកាំបិតកកុកកាត់មុខផ្ទះជនដៃដល់ ថែមទាំងស្រែកជេប្រមាថទើបផ្ទុះហិង្សាតែម្ដង ដោយជនសង្ស័យមានពូថៅ និងរត់ទៅយកកាំបិតកកុកដែរ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖