ភ្នំពេញ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងផែនការ នៅថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរកឃើញអ្នក វិជ្ជមានកូវីដ-១៩ ចំនួន១៥៤នាក់នោះ ក្នុងនោះដែលមានមន្ត្រីក្រសួងផែនការចំនួន ២នាក់ ត្រូវបានធ្វេីតេស្តរកឃេីញមានវិជ្ជមានកូវីដ-១៩ ផងដែរ។
នៅក្នុងសេចក្តីប្រកាសខាងលេីនេះ បានបញ្ជាក់ថា មន្ត្រីទាំងពីររូប នៃក្រសួងផែនការ ដែលរកឃើញវិជ្ជមានកូវីដ-១៩នោះ រួមមាន៖
ទី១.ឈ្មោះ លឹម សិរីសម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៨៩ ផ្លូវលេខ ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងផែនការ ត្រូវបានសង្ស័យឆ្លងពីប្អូនប្រុសរបស់គាត់ដែលមានមុខរបរផ្នែកសេវាដឹកជញ្ជូន ក្នុងអំឡុងចុង ខែមេសា ឬដើមខែឧសភា ឆ្នាំ២០២១ ដែលរូបគាត់ត្រូវបានតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២១ ។ បន្ទាប់ពីឈ្មោះ លឹម សិរីសម្បត្តិ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅ ទីស្តីការក្រសួងផែនការ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ និងទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
ចំណែកទី២.ឈ្មោះ ឆិល ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ១៨A ផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមន្ត្រីនៃអតីតអគ្គលេខាធិការដ្ឋាន ក.ជវ.ប ក្រសួងផែនការ ដែលត្រូវបានសង្ស័យឆ្លងវីរុសកូវីដ-១៩ ពីអ្នកជួលបន្ទប់ក្បែរខាងគ្នា នឹងត្រូវបានតេស្ដរក ឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ខណៈដែលឈ្មោះ ឆិល ឧត្តម បានមកទទួលការចាក់វ៉ាក់ សាំងដូសទី១ នៅទីស្តីការក្រសួងផែនការកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់មករូបគាត់បានអវត្តមាន ពីទីស្តីការក្រសួង និងបានស្នាក់នៅបន្ទប់ជួលរបស់គាត់រហូតដល់មានករណីឆ្លងវីរុសកូវីដ-១៩ នេះឡើង ដោយមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅឡើយទេ។
ជាមួយគ្នានេះ ក្រសួងផែនការ ក៏បានជូនដំណឹងជូនដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺទាំង០២រូបខាងលើ ដោយផ្ទាល់ ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមាន មន្ទីរពេទ្យខ្មែរ-សូវៀត, មជ្ឈមណ្ឌលសុខ ភាពចាក់អង្រែក្រោម, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំង ដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡី ស័កនៅផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ។
បន្ថែមពីនេះ ក្រសួងផែនការ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ និង ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបថា ជុំវិញករណីនេះដែរ បេីយោងតាមរបាយការណ៍របស់អាជ្ញាធរនាពេលកន្លងមក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មន្ត្រីចំនួន ៦រូប នៃក្រសួងផែនការ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ក្នុងនោះរួមមាន ដូចខាងក្រោម៖
ទី១. លោក អ៊ុង យ៉ាន អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ។
ទី២. លោក វង្ស សុខនី មន្ត្រីអគ្គលេខាធិការដ្ឋានក្រសួងផែនការ រកឃើញវិជ្ជមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
ទី៣. លោក អ៊ុក វិចិត្រ មន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង រកឃើញមាន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ទី៤. លោក អ៊ុក ទិត្យសុភក្តិ មន្ត្រី នៃអគ្គាធិការដ្ឋាន ក្រសួងផែនការ រកឃើញមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
ទី៥. ឈ្មោះ លឹម សិរីសម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៨៩ ផ្លូវលេខ ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងផែនការ ត្រូវបានតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២១ ។
៦.ឈ្មោះ ឆិល ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ១៨A ផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមន្ត្រីនៃអតីតអគ្គលេខាធិការដ្ឋាន ក.ជ.វ.ប ក្រសួងផែនការ ត្រូវបានតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕ដោយ៖សហការី