ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នារវាងរថយន្តនឹងម៉ូតូនៅក្រុងស្វាយរៀង និងស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាករណីទី១កើតឡើងកាលពីវេលាម៉ោង ៥និង១២នាទីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ០១និង០២ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង មានរថយន្ដមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A -៣៦២៥ បើកបរដោយឈ្មោះ ឡុញ សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបរ រស់នៅភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូងត្រូវបានម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P-៣៦៧៣ បើកបរដោយឈ្មោះ សោម រតនា ភេទ ប្រុស អាយុ២៤ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចំបក់ សង្កាត់សង្ឃ័រ ខេត្តស្វាយរៀងដែលធ្វើដំណើរពីជើងទៅត្បូងបុកពីក្រោយបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកអ្នកបើករថយន្តក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុមកពីអ្នកបើកម៉ូតូប្រើប្រាស់ល្បឿនលឿនមិនប្រយ័ត្នទៅបុករថយន្ដកំពុងបើកបរពីក្រោយ ទើបបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ នៅត្រង់ចំណុចភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង លើផ្លូវលំក្រាលក្រួសក្រហមមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរពីទិសខាងកើតទៅខាងលិចដោយមិនប្រកាន់ស្តាំស្រាប់តែទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១GQ-០៨៧០បើកបរដោយឈ្មោះ ហ៊ន រក្សា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ នៅភូមិបែកចាន ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបើកក្នុងទិសដៅពីលិចទៅកើតពេញទំហឹង។ ក្រោយកើតហេតុភ្លាមៗអ្នកបើករថយន្តបង្កឃើញសភាពការណ៍មិនស្រួលក៏បើករថយន្តគេចទៅទិសខាងលិចបាត់ស្រមោលតែម្ដង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកផងដែរ៕
ដោយ៖យឹម សុថាន