ខេត្តកណ្តាល៖ យោងតាមអង្គភាព មន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាលបានអោយដឹងថា, មន្ត្រីជំនាញចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋ នៅស្រុកល្វាឯម ខេត្តកណ្តាលបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។
ក្នុងឱកាសនោះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថាជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។
ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖
– ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥%
– ស្រាស មានសារធាតុមេតាណុល ២.៥%
– ស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ
បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន និងដកយកគំរូមួយចំនួន យកមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានក.ប.ប. ដើម្បីបញ្ជាក់លទ្ធផល កាន់តែច្បាស់។
មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ៕
ដោយ ៖ សិលា