ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ រឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពីការរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមក ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១- រដ្ឋបាល រាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដូចជា កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព , បម្រាមគោចរចន្លោះម៉ោង ២០ ដល់ម៉ោង ៣ ទៀបភ្លឺ, ផ្អាកការលក់គ្រឿងស្រវឹង, កំណត់ការលក់ដូរជាលក្ខណៈវេចខ្ចប់, ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋនិងផ្សារមិនរៀបរយ និងផ្អាករាល់ការជួបជុំប្រមូលផ្ដុំមនុស្សច្រើន ជាដើម។

ជាការកត់សម្គាល់ បងប្អូនប្រជាពលរដ្ឋភាគច្រើនលើសលុប បានចូលរួមអនុវត្តវិធានការខាងលើនេះ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ប៉ុន្តែ ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មិនបានយកចិត្តទុកដាក់ និងមានការធ្វេសប្រហែស ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលបន្តិច យុវជន-យុវនារីខ្លះ បាន បំពានវិធានការ ថ្ងៃបម្រាម នឹងមិនព្រមចូលរួមសហការឡើយ។
ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ជាគោលការណ៍អនុវត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែ ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់យន្តការផ្សព្វផ្សាយ និងការអប់រំ។ ចំពោះមុខ ដើម្បី ឈានទៅគ្រប់គ្រងបានទាំងស្រុងនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១* រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវជំរុញ ការអនុវត្តវិធានការនានាឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវរឹតបន្តឹងការអនុវត្ដទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំង ការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើសដែលបំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន-យុវនារី ទាំងអស់ នឹងបន្តរួមគ្នាអនុវត្តរាល់វិធានការចាំបាច់ដែលបានដាក់ចេញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការឆាប់ វិលត្រឡប់នៃប្រក្រតីភាពជីវភាពរស់នៅ និងដើម្បីចៀសផុតពីការផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ចំពោះ ការបំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ដូចបានជម្រាបជូនក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖