ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងស្វាយរៀងចុះពិនិត្យរកដំណោះស្រាយរំដោះទឹកដែលលិចផ្លូវនៅលើផ្លូវលេខ១០១ ដោយសារទឹកភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះពិនិត្យរកដំណោះស្រាយរំដោះទឹកដែលលិចផ្លូវនៅលើផ្លូវលេខ១០១ ដោយសារទឹកភ្លៀង ជាប់ ការាសសាំងស្ថិតក្នុងភូមិកៀនសាំងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ក្រោមការចូលរួមពីលោកប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង លោកមន្ត្រីភូមិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងស្មៀនសង្កាត់ស្វាយរៀង ផងដែរ។

លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា ក្រុមការងាររដ្ឋបាលក្រុងចុះនាពេលនេះគឺដើម្បីពិនិត្យរកដំណោះស្រាយរំដោះទឹកដែលលិចផ្លូវដោយសារទឹកភ្លៀង នៅលើផ្លូវលេខ១០១ ជាប់ការាសសាំង។

លោកបន្តថា ជាដំណោះស្រាយក្រុមការងារក្រុងបានស្នើសុំ ចោះភ្ជាប់ទៅប្រព័ន្ធលូ របស់ការាសសាំងដែលមានប្រព័ន្ធលូរួចហើយ ដើម្បីរំដោះទឹកលិចផ្លូវជាបណ្ដោះអាសន្នខណៈខាង ក្រុមហ៊ុនការាសសាំងក៏បានយល់ព្រមឯកភាពឲ្យបង្ហូទឹកចូលប្រព័ន្ធលូរបស់ក្រុមហ៊ុន មិនមានការជំទាស់អ្វីនោះទេគឺដើម្បីផលប្រយោជន៏សាធារណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវពិសេសនារដូវវស្សានេះផងដែរ។

លោក បានបន្ថែមទៀតថាដើម្បីឆ្លើយតបទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្រុមការងាររបស់លោក និងត្រូវធ្វើឲ្យបានលឿន និងតម្លាភាព បំផុតព្រោះជានេះជាតួនាទីភារកិច្ចទទួលខុសត្រូវចំពោះ ជាតិ និងប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពិសេសអំពាវនាវដល់ បងប្អូនទាំងអស់សូមកុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន និងក្រសួងសុខាភិបាលផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖