ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដឹកទឹកសុទ្ធទៅបុករះរថយន្ត និងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៩BT នៅជិតខ្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងភូមិទំនប់ទឹក សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូសណ្ដោងរុឺម៉កដឹកទឹកសុទ្ធបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូមួយគ្រឿង ពណ៌ខ្មៅ សណ្ដោងរុឺម៉ក ពណ៌ខៀវ មិនមានពាក់ស្លាកលេខ ដឹកទឹកសុទ្ធយកទៅឱ្យម៉ូយ ដោយបើកបរតែម្នាក់ឯង ធ្វើដំណើរចុះពីលើផ្លូវលេខ២៧១ ចូលតាមខ្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងទិសដៅពីជើងទៅត្បូងដោយប្រើល្បឿនលឿនគួរសមដែរ ខណៈនោះក៏ស្រាប់តែម៉ូតូសណ្តោងរុឺម៉ក បែកកង់ក្រោយខាងស្តាំ រួចក៏រេចង្កូតជ្រុលទៅបុករថយន្តម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NCN-0507 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត បម្រុងបត់ទៅជើងឡើងផ្លូវលេខ២៧១ ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ រួចហើយរុឺម៉កជ្រុលបន្តទៅបុកម៉ូតូម៉ាក Honda scoopy 2021 មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG-8455 ដែលទុកចោលនៅប្របចិញ្ចើមផ្លូវ៦៩BT ពេញទំហឹង បណ្ដាលឲ្យម៉ូតូម៉ាក Honda scoopy រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តម៉ាក Lexus GS300 ខ្ជិលវែងឆ្ងាយច្រើន គេក៏បានបើករថយន្តចេញយកទៅធ្វើខ្លួនឯង ដើម្បីបញ្ចប់រឿង។ ចំណែកឯ ម៉ូតូរងគ្រោះម៉ាក Honda scoopy មួយគ្រឿងទៀតវិញ ខាងម្ចាស់រុឺម៉កជាអ្នកបង្ក យល់ព្រមសងសំណងចេញថ្លៃខូចខាតទាំងអស់ ដើម្បីបញ្ជប់រឿងនៅនឹងកន្លែងតែម្តង៕
ដោយ ៖ ភារ៉ា ដង្កោ