ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អាជ្ញាធររាជធានីកំពុងបន្ដជាមួយក្រុមការងារកងទ័ព ពន្លឿនការងារចាក់ វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីត តំបន់ក្រហមចាក់បានជាង៧៦ម៉ឺននាក់ហើយ

ចែករំលែក៖

ភ្នំពេញ​៖  អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្ដសហការជាមួយក្រុមការងារកងទ័ពនិងក្រុមគ្រូពេទ្យ ពន្លឿនការងារ ចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈ អតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាជាង ៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៣ ឧសភា ម្សិល មិញ ។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ។

  ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកងនិងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ឧសភា ដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២១ ដែលមានរហូតដល់២០ទីតាំង ហើយកាលពីថ្ងៃទី២៣ ឧសភា ម្សិលម៉ិញ អាជ្ញាធររាជធានីបានចេញសេចក្តីជូនដំណឹងពីការសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២១  ដែលមានចំនួន២០ទីតាំងដូចគ្នា។

     នៅគ្រប់ទីតាំងការចាក់វ៉ាក់សាំង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបានណែនាំដល់អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវ​ទៅ​ទទួលយក​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រក្សា​ឱ្យបាន ជាដាច់ខាត នូវ​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស់ តម្រង់​ជួរ ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា កៀក​គ្នា ណែនណាន់តាន់តាប់ ។ ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ «៣ ការពារ និង ៣ កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឈរលើ​ស្មារតី ស្រឡាញ់​ជាតិ សហគមន៍ គ្រួសារ និង​អាយុជីវិត​ផ្ទាល់ខ្លួន ក្នុង​ឆន្ទៈ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ឈានទៅ​កាត់ផ្តាច់ និង​លុបបំបាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង «​ព្រឹត្តិការ​ណ៏​សហគមន៍ ២០ កុម្ភៈ ២០២១» នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ឆាប់ៗ នាពេល​ខាងមុខនេះ ។

     សូមបញ្ជាក់ថា អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់នោះ បានចំនួនជាង៧៦ម៉ឺននាក់ហើយ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូលនិងខណ្ឌដង្កោ ដោយគិតត្រឹមថ្ងៃ២៣ឧសភាម្សិលម៉ិញ។ 

  ដោយឡែកសម្រាប់ ទីតាំងចាក់វ៉ាក់សាំងមួយកន្លែងនៅមុខរោងចក្រសាំហាន់ ស្ថិតនៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ទីតាំងនេះបាន ទទួលការកោតសរសើរ ពីអាជ្ញាធររាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៤ឧសភានេះ ដោយទីតាំងនេះបានរៀបចំទាំងមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ ជាមួយនិងរក្សាបាននូវគំលាតសុវត្ថិភាពសង្គម ពាក់​ម៉ាស់ តម្រង់​ជួរ បានយ៉ាងល្អ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅចាក់វ៉ាក់សាំងនៅទីនោះ​៕

ដោយ ៖ សំរិត


ចែករំលែក៖