ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកហាយឡែនឌ័រចេញពីស្តុបអូរឬស្សីយ៉ាងលឿន ខណៈមិនបាន៥០ម៉ែត្រផងក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅក្បែរស្តុបអូរឬស្សី តាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-1510 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៦១ ទិសដៅពីជេីងមកត្បូងចេញពីស្តុបអូរឬស្សី ក្នុងល្បឿនលឿន ខណៈមិនបាន៥០ម៉ែត្រផងក៏ជ្រុលទៅបុករបាំងថ្ម(ក្បាលនាគ)ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់ចេញពីគ្នាអស់១កង់ រីឯរថយន្តបង្កបានដាច់កាឡេកង់ផ្នែកខាងឆ្វេងទៅមុខលែងរួច តែក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ ម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ ដោយសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ