ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ បន្ថែមទៀត (ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម៖
១- ក្រុងព្រៃវែង ចំនួន១៣នាក់
២- ស្រុកព្រះស្ដេច ចំនួន២៦នាក់
៣-ស្រុកបាភ្នំ ចំនួន១៤នាក់
៤- ស្រុកពាមជរ ចំនួន៤នាក់
៥- ស្រុកមេសាង ចំនួន៧នាក់
៦- ស្រុកកំពង់ត្របែក ចំនួន១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៦៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផលបានពិនិត្យរកមុខសញ្ញាវីរុសកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (RapidTest) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ ៥៣ស្រី បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០កុម្ភៈ និងមកពីតាមបណ្តាលរាជធានីខេត្ត និងមកពីក្រៅប្រទេស ដែលមានរាយនាមដូចខាងក្រោម៖
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៤៥៩នាក់ បានព្យាបាល ជាសះស្បើយ ១៩៦នាក់ កំពុងសំរាកព្យាបាល ២៥៨នាក់ និងស្លាប់ ៥នាក់។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុករៀង រាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃ ក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ចំពោះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្លោះយ៉ាងតិច ២(ពីរ)ដងក្នុង មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់ដោយឡែកតែឯង និងត្រូវអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពឲ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ៗដង្ហើម… ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង តាមរយៈលេខខទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ ( វេជ្ជ. សេង បញ្ញាឫទ្ធិ)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា