ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម សម្រេចបន្តសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមិថុនា ២០២១ ។
យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០-កុម្ភៈ- នៅ មិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត សូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមាន កូវីដ-១៩ ដោយត្រូវបន្តសុពលភាពនៃការអនុវត្តរយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ -២៤ ខែមិថុនា ឆ្នាំ២០២១ និងសូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាព, រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព ពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម លេខ០១១/២១ស.ណ.ន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្តីពីការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរក ឃើញ ប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ក្នុងនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន ៖
១ – សកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សាររាត្រី ផ្សារ ទំនើប ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាព អ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ ម៉ោង ០៣:០០ នាទីព្រឹកជាកំហិត។
២ – ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ។
៣ – ការប្រមូលផ្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្តសប្បាយនានានៅតាម គេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន រួមនឹងការជួបជុំបែបសាសនា ឬការថ្វាយបង្គុំ ។ បន្ថែមពីវិធានការរដ្ឋបាលខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តន៍សេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត លេខ០១០២១-ស,ណន ចុះ ( ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុង អំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍ ២០-កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕
ដោយ៖ សិលា