ខេត្តបន្ទាយមានជ័យ៖ បើតាមការបញ្ជាក់ពីអភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានថ្លែងនៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា៖ ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ មួយគ្រួសារ មានគ្នា ៥នាក់ បានធ្វើដំណើរ តាមរថយន្តដឹកជញ្ជូនអ្នកដំណើរ យីហោ ” រថយន្តក្រុង ភ្នំពេញ ពេញចិត្ត ” ១ គ្រឿង ជាមួយអ្នកដំណើរជាច្រើនទៀត ពីរាជធានីភ្នំពេញ មកផ្ទះនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពេលលទ្ធផលនៃការពិនិត្យសំណាក រួចមក។លោកអភិបាលក្រុងសិរីសោភ័ណ បានថ្លែងបន្តថា ប្រជាពលរដ្ឋមួយគ្រួសារខាងលេីនេះ គឺពួកគាត់ ជាអ្នកជិះរថយន្តក្រុង យីហោភ្នំពេញពេញចិត្ត ចេញដំណើរក្នុងទិសដៅ ពីភ្នំពេញ -ប៉ោយប៉ែត កាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ មកដល់វេលាម៉ោង ១១ ថ្ងៃត្រង់។ បន្ទាប់ចុះពីរថយន្ត អ្នក ៥នាក់នេះ បានជិះឡាំប្រឺតា(ផាសអាប់) ពីបេនទៅផ្ទះ។ជាមួយគ្នានេះ អភិបាលក្រុងសិរីសោភ័ណ ក៏សូមអំពាវនាវ ដល់អ្នកពាក់ព័ន្ធ មានអ្នកដំណើរមួយគ្រួសារ ដែលមានគ្នា៥នាក់ ដែលជិះរថយន្តក្រុងនេះ អ្នកបើកបរ អ្នកប្រាស្រ័យទាក់ទង អ្នកបើកបរផាសអាប់ សូមប្រញាប់ប្រញាល់ មកយកសំណាក និងដាក់ខ្លួនអោយនៅ ដាច់ដោយឡែក និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ៕ដោយ ៖ សហការី