ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់គ្រឿងញៀនលើសកម្រិតយកកាំបិតផ្គាក់ដេញកាប់ម្ដាយទីបំផុតត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ បានប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានយកកាំបិតផ្គាក់ដេញកាប់ម្ដាយខ្លួនឯង សំណាងល្អមិនបង្កឲ្យមានរបួស ទីបំផុតត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី​ នៅចំណុចភូមិសំប៉ានលើឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី​ ចិន្តា ភេទស្រីអាយុ៤៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ​ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល​ ស្រុកស្អាង ខេត្តកណ្ដាល(ត្រូវជាម្ដាយបង្កើតជនសង្ស័យ)។ចំណែកជនសង្ស័យឈ្មោះ​ ថាវ លីអេរ៉ូ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល(ត្រូវជាកូន)។ដោយឡែកវត្ថុតាងចាប់យក កាំបិតផ្គាក់ចំនួន០១ផ្លែដែកដងធ្វើអំពីឫស្សីមានប្រវែង៤៨សង់ទីម៉ែត្រ។

     ប្រភព​ដដែលបន្តថា ជនសង្ស័យគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយកន្លងមកឲ្យតែជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួច តែងតែគំរាមកំហែងសម្លាប់ជនរងគ្រោះជាម្ដាយជាញឹកញាប់ និងថែមទាំងវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទៀតផង។ លុះមកដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះកំពុងតែអង្គុយនៅមុខផ្ទះចុចទូរស័ព្ទលេង ស្រាប់តែជនសង្ស័យបានចុះពីលើផ្ទះស្រែកឡូឡា ហើយបានយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះតែមិនត្រូវ ពេលនោះជនរងគ្រោះក៏បានដួលទៅនឹងដី ហេីយត្រូវបានជនសង្ស័យចាប់បោចសក់និងទាញកាំបិតផ្គាក់ងាររកកាប់ជនរងគ្រោះ​ ភ្លាមនោះក៏បានបងប្អូនប្រជាពលរដ្ឋជិតខាងស្រែកឆោឡោទាន់ ក៏ធ្វើឲ្យជនសង្ស័យរត់ឡើងទៅផ្ទះនិងកាន់កាំបិតផ្គាក់ទៅជាមួយផងដែរ។

    បន្ទាប់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ចុះទៅដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖