ខេត្តបាត់ដំបង៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជនជាតិចិនម្នាក់ ពីកម្លាំងនគរបាលស្រុកសំឡូត រួមបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហារផ្ទៃ ដេីម្បីអនុវត្តតាមនីតិវិធី។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាញ់ បានបញ្ជាក់នៅថ្ងៃអាទិត្យទី២៧ ខែមិថុនានេះដែរថា៖ ជនជាតិចិននេះមានឈ្មោះ ZHU XIAOBAO ភេទប្រុស អាយុ ៤៤ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំឡូត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានឃាត់ខ្លួន បុរសជាជនជាតិចិនខាងលើ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ខណៈដែលបុរសរូបនេះជិះម៉ូតូពីខេត្តប៉ៃលិនក្នុងគោលបំណងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដោយឆ្លងកាត់ភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងស្ថានភាពដែលបញ្ហាកូវីដ-១៩ កំពុងរីករាលដាលខ្លាំងនោះ។ ទើបសមត្ថកិច្ចនគរបាលបានធ្វើការសាកសួររកឯកសារទាក់ទងនឹងការចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែឯកសាររបស់គាត់បានផុតសុពលភាពនៃការស្នាក់នៅតាំងពីឆ្នាំ២០២០ម្លេះ។
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាញ់ បន្តថា ដោយសារមូលហេតុនេះ សមត្ថកិច្ចនគរបាលស្រុក បានបញ្ជូនជនជាតិចិនរូបនេះ ទៅអនុវត្តការធ្វើចត្តាឡីស័កនៅស្រុកសំឡូត និងពិនិត្យស្វែងរកមេរោគកូវីដ១៩ តាមវិធានសុខាភិបាល។
បន្ទាប់ពីផុតអំឡុងពេលនៃការធ្វើចត្តាឡីស័ក និងមិនមានរកឃើញមេរោគកូវីដ-១៩នោះទេ ទើបសមត្ថកិច្ចនគរបាលផែនការងារអន្តោប្រវេសន៍ខេត្តបាត់ដំបង បានបញ្ជូនរូបគាត់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តតាមនីតិវិធីច្បាប់តែម្តង៕ដោយ៖សហការី