ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមខណ្ឌចំការមនបាននាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះសម្បែង។
អំណោយរបស់អនុសាខាកាកបាទក្រហមត្រូវបាននាំយកចែកជូនជនរងគ្រោះតាមរយ:លោកថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមនិងជាអភិបាលខណ្ឌចំការមនដើម្បីចែកជូនដល់ពលរដ្ឋចំនួន១៥គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសម្បែងស្ថិតនៅភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ។
លោក ថេង សុថុល ក្នុងឱកាសចែកអំណោយនេះបានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យ និងបាននាំយកនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ដែលតែងតែជួយឈឺឆ្អាលនិងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ។ លោកថេង សុថុល បានបញ្ជាក់ជូនប្រជាពលរដ្ឋអំពីការខិតខំជួយសង្គ្រោះរបស់កម្លាំងអាជ្ញាធរមូលដ្ឋាននៅពេលដែលមានអគ្គិភ័យកេីតឡេីងភ្លាមៗផងដែរ តែដោយសារស្ថានភាពផ្លូវតូចចង្អៀតដែលមិនអាចឱ្យរថយន្តពន្លត់អគ្គិភ័យចូលដល់ទីតាំងបានទេីបធ្វេីឱ្យមានការឆេះរាលដាលបែបនេះ។
ជាមួយគ្នានោះលោក ថេង សុថុលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបេីមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ ឬចៅសង្កាត់ដេីម្បីបានជួយសង្គ្រោះបន្ថែមទៀត។ លោកអភិបាលខណ្ឌចំការមនក៏បានប្រាប់ទៅអាជ្ញាធរមូលដ្ឋានត្រូវជួយសម្រួលឯកសារអត្រានុកូលដ្ឋាននិងឯកសារផ្សេងៗដែលត្រូវភ្លេីងឆេះដល់ប្រជពលរដ្ឋទាំង១៥គ្រួសារផងដែរ។
គួរបញ្ជាក់ថា កាលពីរសៀលម៉ោង១៧:១០នាទីល្ងាចមានករណីអគ្គិភ័យកេីតឡេីងនៅចំណុចផ្លូវលេខ១០៥ ភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមនត្រង់តំបន់មិនរៀបរយដែលត្រូវជនវិកលចរិតម្នាក់លួចដុតបណ្តាលឱ្យខូចខាតផ្ទះ១ខ្នង និង៦បន្ទប់ ។
ភ្លាមៗនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ អាជ្ញាធរបានប្រេីប្រាស់រថយន្តបង្ការ និងពន្លត់អគ្គិភ័យចំនួន១៩ គ្រឿងក្នុងនោះរួមមាន៖ ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញចំនួន៥គ្រឿង, ក្រសួងមហាផ្ទៃ ចំនួន១គ្រឿងហើយប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។
តាមរបាយការណ៍សរុបសភាពការណ៍និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា មានហេតុការណ៍អគ្គិភ័យកើតឡើង ៤០៥/៦៩១លើក ថយ ២៨៦លើក ស្លាប់១០/១១នាក់ របួស៣០/២៨នាក់ ឆេះតូប៨៥តូប ឆេះផ្ទះ៣២៣ខ្នង។ ហេតុការណ៍នេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍ ទប់ស្កាត់ការ ឆេះរាលដាលបាន២២៩លើក ស្របពេល១៧៦លើកទៀតត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហការគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា៕
ដោយ៖ ជីណា