ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមឡើងជើងស្វ៊ីសត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញ(ម៉ោង១១យប់) និងក្រុមខ្លាំងបែលហ្ស៊ិកប៉ះក្រុមខ្លាំងមិនដែលចាញ់អុីតាលី(ម៉ោង២រំលងអធ្រាត្រ)។
យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិស្វ៊ីសក្នុងវគ្គជម្រុះតាមពូលគឺស្មើជាមួយវែល១ទល់១, ចាញ់អុីតាលី៣ទល់០ និងឈ្នះទួរគី៣ទល់១។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ស្វ៊ីសមានឱកាសយកឈ្នះក្រុមខ្លាំងបារាំងក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា៣ទល់៣។
ចំណែកក្រុមខ្លាំងអេស្ប៉ាញ ក្នុងវគ្គជម្រុះតាមពូលគឺស្មើជាមួយក្រុមស៊ុយអែត០ទល់០, ស្មើជាមួយក្រុមប៉ូឡូញ១ទល់១ និងឈ្នះស្លូវ៉ាគី៥ទល់០។ ចូលដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយ អេស្ប៉ាញយកឈ្នះក្រុមខ្លាំងក្រូអាត៥ទល់៣ក្នុងម៉ោងបន្ថែម ក្រោយពីប្រកួតស្មើគ្នា៣ទល់៣ ក្នុងរយៈពេល៩០នាទី។
សម្រាប់ការប្រកួតរវាងក្រុមស៊្វីសនឹងអេស្ប៉ាញរាត្រីនេះ ប្រវត្តិជួបគ្នារវាងក្រុមទាំង២ក្នុង៧ប្រកួតចុងក្រោយគឺ អេស្ប៉ាញឈ្នះ៤ដង, ស្វ៊ីសឈ្នះម្តង និងស្មើគ្នា២ដង ប៉ះគ្នាចុងក្រោយក្នុងជំនួបជម្រុះ UEFA Nations League តំបន់អឺរ៉ុប អេស្ប៉ាញបានត្រឹមស្វ៊ីស១ទល់១។
ដោយឡែកក្រុមខ្លាំងបែលហ្ស៊ិកត្រូវប្រកួតជាមួយក្រុមខ្លាំងមិនដែលចាញ់អុីតាលីវេលាម៉ោង២រំលងអធ្រាត្រនេះ ក្នុងនោះបែលហ្ស៊ិក វគ្គជម្រុះតាមពូលយូរ៉ូ ឈ្នះរុស្ស៊ី៣ទល់០, ឈ្នះដាណឺម៉ាក២ទល់១ និងឈ្នះហ្វាំងឡង់២ទល់០។ ចូលដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយ បែលហ្ស៊ិកយកឈ្នះក្រុមខ្លាំងអតីតម្ចាស់ជើងឯកព័រទុយហ្គាល់ក្នុងលទ្ធផល១ទល់០។
រីឯក្រុមខ្លាំងអុីតាលីវិញក្នុងវគ្គជម្រុះតាមពូលយូរ៉ូនេះគឺមិនស្គាល់រសជាតិចាញ់ និងមិនមានក្រុមណាមួយស៊ុតចូលទីខ្លួននោះទេ ដោយបានយកឈ្នះទួរគី៣ទល់០, ឈ្នះស្វ៊ីស៣ទល់០ និងឈ្នះវែល១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ អុីតាលីបានយកឈ្នះអូទ្រីស២ទល់១ក្នុងម៉ោងបន្ថែម ក្រោយពីលទ្ធផលស្មើគ្នា០ទល់០ក្នុងរយៈពេល៩០នាទី។
ជំនួប៧ប្រកួតចុងក្រោយរវាងបែលហ្ស៊ិកនឹងអុីតាលីគឺ បែលហ្ស៊ិកឈ្នះ២ដង, អុីតាលីឈ្នះ៣ដង និងស្មើ២ដង។ ប្រកួតចុងក្រោយក្នុងកម្មវិធីយូរ៉ូ២០១៦ អុីតាលីយកឈ្នះបែលហ្ស៊ិក២ទល់០ ៕
ដោយ ៖ ភារៈ