ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាន និងកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
ជាក់ស្ដែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្តារប្រឡាយទួលពង្រទី២ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដានេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។
លោកដួង ចាន់សារ៉ាត់ បានបន្តថា ប្រឡាយទួលពង្រទី២ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១នៃខណ្ឌពោធិ៍សែនជយ័ ។ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហាដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាង និងខណ្ឌពោធិ៍សែនជ័យ រួមមានសង្កាត់ចោមចៅ២និងចោមចៅ១ ព្រមទាំងភាគខ្លះនៃខណ្ឌដង្កោ រួមមានសង្កាត់ព្រៃសជាដេីម ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ការងារស្តារប្រឡាយនេះបានចាប់ផ្តេីមដំណេីរការកាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ ហើយបើគិតត្រឹមថ្ងៃទី០២ខែកក្កដាឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង ២៥០០ម៉ែត្រ ស្មើនឹង៤០%នៃផែនការ ។
ការងារស្តារប្រឡាយទួលពង្រទី២នេះ បើតាមផែនការការងារគឺប្រេីប្រាស់រយៈពេលចំនួន៣ខែ ដោយគ្រោងនឹងស្តារបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១នេះ៕
ដោយ ៖ សំរិត