ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកាលពីរសៀលថ្ងៃទី២ ខែកក្កដា ថា នៅខេត្តបន្ទាយមានជ័យ គ្រូពេទ្យជួរមុខនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ កណ្តាលក្រុងសិរីសោភ័ណបានរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីដែលតា (Delta) ឥណ្ឌាលើពលករខ្មែរវិលពីប្រទេសថៃ៤នាក់បន្ថែមទៀត។
បើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មកទល់ពេលនេះស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យបានកើតមានរាយប៉ាយពាសពេញទាំងនៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងតាមស្រុកចំនួន៧ទៀត។
ចំណែកលោកណង វុទ្ធី នាយករងសាលាខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីថ្ងៃទី២ ខែកក្កដា ដែរថា៖ មេរោគកូវីដ-១៩ មានលើពលករខ្មែរវិលពីប្រទេសថៃ ដូចថ្ងៃនេះពេលព្រឹករកឃើញវិជ្ជមាន ៣នាក់ ដល់ល្ងាចវិជ្ជមានកូវីដ-១៩មានម្នាក់ទៀត ក្នុងនោះថែមកុមារតូចៗតាមម្តាយ៣នាក់ទៀតផង សរុប២៥នាក់ ក្នុងនោះ មានមេរោគឆ្លងរហ័សថ្មី(delta)ដែលតាចំនួន៣នាក់ផងដែរ ។
លោកបានបន្តថា អ្នកវិជ្ជមានទាំងនោះ ត្រូវបានបញ្ជូនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ទៅព្យាបាលបន្តនៅមណ្ឌលព្យបាលកងវ៉ា ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ លោកនិយាយថា ហេតុនេះបើមិនមានការចាំបាច់ សូមបងប្អូននៅផ្ទះជួបជុំគ្រួសារក្នុងផ្ទះល្អជាង ហើយថែរក្សាគម្លាតនៅទីប្រជុំជន លាងដៃនិឹងអាល់កុលជាប្រចាំដើម្បីកាត់បន្ថយនៃការរីករាលដាលជំងឺកាចសាហាវមួយនេះ៕
ដោយ ៖ វណ្ណា