ព័ត៌មានទាន់ហេតុការណ៍៖

តោះ! ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, នៅពេលដែលលោកអ្នកចង់ចូលទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។ ដោយសារតែទិន្នន័យដែលបានផ្លាស់ប្ដូរក្នុងការផ្ទៀងផ្ទាត់នេះមិនត្រូវបានអុីនគ្រីបនោះ វាអាចឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិត (ISP) និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត អាចមើលឃើញគេហទំព័រទាំងអស់ដែលអ្នកប្រើប្រាស់បានចូលទៅមើល។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនបង្កើតកម្មវិធី web browser មួយចំនួនមានដូចជា Mozilla និង Google បានបន្ថែមមុខងារ DoH ដើម្បីអុីនគ្រីបទិន្នន័យ និងធ្វើការផ្ទៀងផ្ទាត់ឈ្មោះរបស់គេហទំព័រទាំងនោះ ជាមួយនឹងសើវើ (server) មួយដែលលោកអ្នកបានជ្រើសរើសយក។ ជាមួយនឹងមុខងារនេះ មានតែក្រុមហ៊ុនដែលផ្ដល់សេវាកម្មសើវើ តែមួយប៉ុណ្ណោះដែលដឹងពីគេហទំព័រដែលអ្នកប្រើប្រាស់បានចូលទៅមើល ដូច្នេះវាមានភាពងាយស្រួលច្រើនជាងមុនក្នុងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់។

ទោះបីជាមុខងារនេះត្រូវបានបើកឱ្យប្រើដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់កម្មវិធី Firefox នៅក្នុងសហរដ្ឋអាមេរិកក្ដី ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ប្រសិនបើលោកអ្នកចង់ប្រើមុខងារនេះ លោកអ្នកអាចបើកវានៅក្នុង Settings របស់កម្មវិធី។ សម្រាប់ការណែនាំលម្អិត លោកអ្នកអាចចូលទៅអានតាមតំណភ្ជាប់ដូចខាងក្រោម៖

https://support.mozilla.org/en-US/kb/firefox-dns-over-https

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Microsoft ក៏បានកំពុងតែសាកល្បងដាក់ឱ្យប្រើមុខងារនេះនៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Windows 11 ដែលនឹងអុីនគ្រីបទិន្នន័យទាំងអស់ក្នុងពេលផ្ទៀងផ្ទាត់ DNS ដែលមាននៅក្នុងកុំព្យូទ័រ៕

ដោយ ៖ សិលា


ចែករំលែក៖