ភ្នំពេញ៖ គិតចាប់ពីខែមករា រហូតមកត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជា សរុបចំនួនប្រមាណជាង ១ លានគ្រឿង គិតជាទឹកប្រាក់ ចំនួនប្រមាណជាង ២៥៤ លានដុល្លារអាម៉េរិក កើនឡើងជាង ៣១ ភាគរយ បៀបធៀបរយៈពេល ដូចគ្នានឹងឆ្នាំ២០២០។ នេះបេីតាមការបញ្ជាក់ពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យ នៃក្រសួងពាណិជ្ជកម្ម។
មន្រ្តីអ្នកនាំពាក្យរូបនេះ បានថ្លែងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា៖ ការនាំចេញកង់ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ក្រោយនេះ មានការកើនឡើង គួរឲ្យកត់សម្គាល់ ខណៈដែលកម្ពុជា ទទួលបានរោងចក្រតម្លើងកង់ជាច្រើន ក្នុងនោះ បានប្រើប្រាស់វត្ថុធាតុដើម ជាគ្រឿងបង្គុំ និងបន្លាស់តម្លើង ជាផលិតផលសម្រេច ដើម្បីនាំចេញ។
បន្ថែមពីនេះ លោក ប៉ែន សុវិជាតិ ថ្លែងបន្តថា កម្ពុជា គិតមកទល់ពេលនេះឈានដល់ការផលិតគ្រឿងបន្លាស់ ជាបំណែកៗ ដោយខ្លួនឯង ដើម្បីតម្លើងដោយកាត់បន្ថយការនាំចូលជាអតិបរិមា ហើយបញ្ហានេះ កំណើននៃការផលិតការបញ្ជាទិញ និងការនាំចេញ បានកើនឡើងបន្តិចម្ដងៗ។ ជាក់ស្តែង បច្ចុប្បន្ននេះ ទីផ្សារនាំចេញ របស់កម្ពុជា កំពុងលេចធ្លោ បើធៀបនឹងផលិតផលផ្សេងៗ។
ដោយឡែកនៅក្នុងរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជា មាន ចំនួន ៤៥ ប្រទេស រួមមាន៖ ហូឡង់ អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក អាម៉េរិក មានទំហំទឹកប្រាក់សរុប ចំនួនប្រមាណ ២១៥ លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗទៀត សរុបប្រមាណជាង ២៥៤ លានដុល្លារ៕
ដោយ៖ សហការី(រូបភាព៖ឯកសារ)