ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖​ ការនាំចេញកង់ពីកម្ពុជា ទទួលកំណើនជាង ៣១ភាគរយ

ចែករំលែក៖

ភ្នំពេញ៖​ គិតចាប់ពីខែមករា រហូត​មកត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជា សរុបចំនួនប្រមាណជាង ១ លានគ្រឿង គិតជាទឹកប្រាក់ ចំនួនប្រមាណជាង ២៥៤ លានដុល្លារអាម៉េរិក កើនឡើងជាង ៣១ ភាគរយ បៀបធៀបរយៈពេល ដូចគ្នានឹងឆ្នាំ២០២០។​ នេះបេី​តាមការបញ្ជាក់ពី​លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យ នៃក្រសួងពាណិជ្ជកម្ម។

មន្រ្តីអ្នកនាំពាក្យរូបនេះ​ បាន​ថ្លែង​នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា៖ ការនាំចេញកង់ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ក្រោយនេះ មានការកើនឡើង គួរឲ្យកត់សម្គាល់ ខណៈដែលកម្ពុជា ទទួលបានរោងចក្រតម្លើងកង់ជាច្រើន ក្នុងនោះ បានប្រើប្រាស់វត្ថុធាតុដើម ជាគ្រឿងបង្គុំ និងបន្លាស់តម្លើង ជាផលិតផលសម្រេច ដើម្បីនាំចេញ។

បន្ថែមពីនេះ​ លោក ប៉ែន សុវិជាតិ​ ថ្លែង​បន្តថា​ កម្ពុជា​ គិតមកទល់ពេលនេះឈានដល់ការផលិតគ្រឿងបន្លាស់ ជាបំណែកៗ ដោយខ្លួនឯង ដើម្បីតម្លើងដោយកាត់បន្ថយការនាំចូលជាអតិបរិមា ហើយបញ្ហានេះ កំណើននៃការផលិតការបញ្ជាទិញ និងការនាំចេញ បានកើនឡើងបន្តិចម្ដងៗ។ ជាក់ស្តែង បច្ចុប្បន្ននេះ ទីផ្សារនាំចេញ របស់កម្ពុជា កំពុងលេចធ្លោ បើធៀបនឹងផលិតផលផ្សេងៗ។

ដោយ​ឡែក​នៅក្នុងរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ដែរថា​ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជា មាន ចំនួន ៤៥ ប្រទេស រួមមាន៖ ហូឡង់ អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក អាម៉េរិក មានទំហំទឹកប្រាក់សរុប ចំនួនប្រមាណ ២១៥ លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗទៀត សរុបប្រមាណជាង ២៥៤ លានដុល្លារ៕

ដោយ​៖ សហការី​(រូបភាព​៖ឯកសារ​)


ចែករំលែក៖