ភ្នំពេញ ៖ កម្មករប្រមូលសំរាម២នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈកំពុងប្រមូលសំរាមនៅតាមដងផ្លូវត្រូវរថយន្តបើកទៅបុកពីក្រោយប៉ើងជាច្រើនម៉ែត្រ ចំណែកឯរថយន្តបង្កព្យាយាមបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចតាមឃាត់បានទាំងរថយន្តនឹងអ្នកបើកបរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង ១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខផ្សារពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះពីរនាក់ និងអ្នករងរបួសម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាពួកគាត់ជាកម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA ក្បាលពណ៌ស ពាក់ស្លាកលេខ 2IT-1093 កំពុងតែប្រមូលសំរាមនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈប្រមូលមកដល់ចំណុចកើតហេតុជាប់នឹងផ្សាពោធិ៍ចិនតុង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហុងដា CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4634 បើកបរដោយយុវជនម្នាក់ និមានអ្នករួមដំណើរជាមួយច្រើននាក់ បានបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្របទិសគ្នាមកបុកពីក្រោយចំយុវជន៣នាក់ដែលកំពុងប្រមូលសំរាមប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់។ ចំណែកឯក្រុមយុវជននៅក្នុងរថយន្តបង្កបានបើកទ្វាររត់បាត់អស់ឃាត់បានតែរថយន្តនិងអ្នកបើកបរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះមកដល់រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ